(ថៃ)៖ យ៉ាងហោចណាស់​មានពលករខ្មែរ​៤នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួស ខណៈដែលពួកគេបាននាំគ្នា ជិះរថយន្តតាក់ស៊ី ចូលទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ក៏បានជួប​ឧប្បទ្ទវហេតុនៅតាមដងផ្លូវ​ ដោយបុកជាមួយរថយន្តធន់ធំមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា។

សមត្ថកិច្ចកម្ពុជាប្រចាំនៅព្រំដែនបានឲ្យដឹងថា ​ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី​១៧ ​ខែឧសភា ​ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៣៣១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ​១២១ និង​១២២ ស្ថិតនៅត្រង់ចំណុចណងអ៊ីថូន​ ភូមិ១៤​ ឃុំកោះខ្នុរ ​ស្រុកភ្នំសារៈខាម ខេត្តឆាក់ឈើងសៅ ប្រទេសថៃ​។

ក្រោយ​កើតហេតុភ្លាមៗ កម្លាំងតម្រួតថៃ បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ គឺ​មានរថយន្តមួយគ្រឿងម៉ាកនីសាន់ណាវ៉ារ៉ា ​ពណ៌ខ្មៅ ​បានបើកទៅបុកពីក្រោយរថយន្តធុនធ្ងនម៉ាក ហ៊ីណូ ប្រភេទយីឌុប សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ 70.0980 និង70.3116 ដោយរថយន្តនីសាន់ ស្ថិតក្នុងសភាព ខ្ទេចខ្ទី ​ព្រមទាំងមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ ដោយនៅពេលនោះមេឃក៏កំពុង ធ្លាក់ភ្លៀងយ៉ាងខ្លាំង​។

​តែទោះយ៉ាងណាក៏ដោយ ​អ្នកដំណើរដែលស្លាប់ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយគ្រាន់តែដឹងថា ​អ្នករបួសមានឈ្មោះ នីត ភេទស្រី អាយុ៣៤ឆ្នាំ, ឈ្មោះ ខេង ភេទប្រុស ​អាយុ២២ឆ្នាំ ​និងកុមារម្នាក់អាយុ២ឆ្នាំ ចំណែកអ្នកបើកបរដែលស្លាប់ដែរនោះមានឈ្មោះ ផុងផាត់ មេតអាំផន ​អាយុ២៨ឆ្នាំ ​ជាជនជាតិថៃ រស់នៅ ​ស្រុកបាងប៉ាក់កុង​ ខេត្តឆាក់ឈើងសៅ​។

លោក ជីរ៉ាក់វ៉ាត់ ភូក្រងថង​ អាយុ៣៩ឆ្នាំ ​អ្នកបើកបររថយន្តធំ បានរៀបរាប់ថា ខណៈដែលខ្លួនកំពុងបើកបរ ដល់ត្រង់ចំណុចកើតហេតុគាប់ជួន មេឃក៏កំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផងនោះ ​ស្រាប់តែឮសម្លេងអ្វីម៉្យាងមកបុកពីក្រោយ ពេលខ្លួនចុះទៅមើលក៏ស្រាប់តែឃើញសភាពបែបនេះ ខ្លួនក៏ប្រញ៉ាប់ទូរស័ព្ទ ទៅប្រាប់សមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យ។

បច្ចុប្បន្ន​សព​កំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីទាក់ទងទៅអគ្គកុងស៊ុល និងបញ្ជូន​មកស្រុកកំណើត ហើយករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីការរអិលទឹកភ្លៀងដោយសារតែ ការបើកបរលឿនហួសកំណត់ ឬក៏អាចបណ្តាលមកពីអ្នកបើកបរ ងងុយដេកផងក៏មិនដឹង​៕