(ស្ទឹងត្រែង)៖ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះថា បន្ទាប់ពីធ្វើការវាស់វែងរួចមក កម្លាំងសមត្ថកិច្ចចំរុះបានរកឃើញឈើប្រណិតចំនួន៩៣២ដុំ ជាង៧ម៉ែត្រគូប ដែលបានចុះទៅបង្ក្រាបកាលពីយប់ថ្ងៃទី១៥ ខែឧសភា ស្ថិតនៅកណ្ដាលក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យ៉ាងណាក៏ដោយសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា តាមពិតផ្ទះនេះជាផ្ទះរបស់ឧកញ៉ា ថៃ ប៉ុន្តែគាត់បានជួលទៅឲ្យបុរសម្នាក់ឈ្មោះ ណារិទ្ធ ហើយឈ្មោះនេះ ក៏រកស៊ីឈើ និងមានការនាំចេញទៅវៀតណាម រហូតកម្លាំងសមត្ថកិច្ចចំរុះដឹកនាំដោយ ព្រះរាជអាជ្ញាចុះបង្ក្រាបជាក់ស្តែងតែម្តង។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចំរុះរួមមាន៖ នគរបាលសេដ្ឋកិច្ច អាវុធហត្ថ និងមេព្រៃខេត្ត ដឹកនាំបញ្ជាដោយលោកព្រះរាជអាជ្ញារងមួយរូប បានចុះទៅឡោមព័ទ្ធ និងឆែកឆេរទីតាំងស្តុកឈើប្រណីតសំរាប់នាំចេញទៅប្រទេសវៀតណាម នៅកណ្ដាលក្រុងស្ទឹងត្រែងមួយកន្លែង រកឃើញឈើប្រណិតរាប់រយដុំ ហើយជាលទ្ធផលមន្រ្តីរដ្ឋបាលព្រៃឈើរកឃើញថា មានជាង៧ម៉ែត្រគូប។
លុះព្រឹកថ្ងៃទី១៦ ខែឧសភា កម្លាំងសមត្ថកិច្ចបានសុំដីកាពីព្រះរាជអាជ្ញាចូលឆែកឆេរដោយគេ រកឃើញមានកំណាត់ឈើប្រណីតប្រភេទធ្នង់រាប់រយដុំ រថយន្តសាំយ៉ុងសំរាប់ដឹកជញ្ជូន ចំនួន៣គ្រឿង និងរថយន្តកាមរីមួយគ្រឿង ដោយក្នុងនោះរថយន្តសាំយ៉ុងមួយគ្រឿង មានផ្ទុកឈើពេញនៅឡើយ ខណៈកម្មករយាមផ្ទះ និងលើកដាក់ជាច្រើននាក់ទៀតត្រូវ បានអ្នកជិតខាងអះអាងថា បានផ្លោះរបងរត់ចេញតាមក្រោយបាត់អស់ទៅ។
តាមលោក អ៊ុង សំអឿន មេភូមិកណ្តាលបានប្រាប់សមត្ថកិច្ចថា ផ្ទះនោះជារបស់ឧកញ៉ាថៃ ហើយត្រូវបានជួលឲ្យបុរសម្នាក់ឈ្មោះ ណារិទ្ធ រស់នៅក្នុងស្រុកសៀមបូក។ ប៉ុន្តែក្រោយមកលោកថាឈ្មោះ ណារិទ្ធ ជាអ្នករកស៊ីជួញឈើប្រណិត៕