(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅក្នុងពិធីជួបសំណេះសំណាលជាមួយនាយ នាយរង និងពលទាហាន បាននាំយកអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់នាយ នាយរង និងពលទាហាន អាវុធហត្ថដែលកំពុងឈរជើងនៅតាមមូលដ្ឋានក្នុងខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថកំពង់ឆ្នាំង។

លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ បានថ្លែងថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ផ្លាស់ប្តូរប្រទេសពីបាតដៃទទេរមានតែដុំថ្មពីបីដុំឲ្យប្រែក្លាយជាប្រទេសមានការ រីកចម្រើនទាំងសេដ្ឋកិច្ច និងធនធានមនុស្ស»

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបន្តថា កងកម្លាំងអាវុធហត្ថទាំងអស់​ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន កងទ័ពដែលឈរជើង នៅតាមគោលដៅ យុទ្ធសាស្ត្រ ដូចជាការបន្ថែម ប្រាក់ហូប ផ្តល់ជូនអាវភ្លៀងក្នុងរដូវវស្សា អាវរងារក្នុងរដូវត្រជាក់ និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ ព្យាបាលជំងឺជូនកងទ័ព និងក្រុមគ្រួសារកងទ័ពដល់ទីតាំងឈរជើងជាដើម។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបញ្ជាក់ថា នាយ នាយរង និងពលទាហានទាំងអស់ប្តេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងប្រជាជនគោរពអនុវត្តយ៉ាង ម៉ឺងម៉ាត់ នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿន ឯករាជ្យជាតិ ការពារបូរណភាពទឹកដីការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា​ «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានស្នាដៃធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះ គ្មានគណបក្សណាមានសមត្ថភាពដឹកនាំចង្កូតនាវាកម្ពុជាជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ»។ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃ ឲ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់​ មួលបង្កាច់ពីសំណាក់ជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអសេ្ថរភាពក្នុងសង្គមឲ្យសោះ។

ទន្ទឹមនេះសូមនាយ​ នាយរង និងពលទាហានអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឯកសារបំរើឲ្យការបោះឆ្នោតដែល គ ជ ប បានកំណត់ឲ្យបានគ្រប់ៗគ្នាដើម្បី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំនិងកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឲ្យកាន់តែរីកចំរើនឡើងថែមទៀត៕