(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តបើកការដ្ឋានជួលជុលផ្លូវបេតុងឆ្អឹងដែក២ខ្សែទៀត ដែលស្ថិតក្នុងភូមិព្រៃពពេល១ខ្សែមានប្រវែង៥០៤ម៉ែត្រ ទទឹង៥ម៉ែត្រ និងភូមិត្រពាំងធ្នង់១ខ្សែ ប្រវែង១១០ម៉ែត្រ ទទឹង៥ម៉ែត ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងគំរោងប្រើប្រាស់ ក្រោមកញ្ចប់ថវិការបស់ខណ្ឌ។

ការបើកការដ្ឋានស្ថាបនាផ្លូវបេតុងនេះ ធ្វើឡើងក្រោមវត្តមានលោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អភិបាលរង អធិការខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ នាយករងរដ្ឋបាលខណ្ឌប្រធាន-អនុប្រធានការិយាល័យ ជុំវិញខណ្ឌ ចៅសង្កាត់-ចៅសង្កាត់រង សមាជិកក្រុមព្រឹក្សាសង្កាត់ មេភូមិ-អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ផ្លូវប្រៀបដូចជាសសៃឈាម ដែលមិនអាចខ្វះបានផ្លូវបេតុងឆ្អឹងដែក ដែលស្ថាបនានាពេលនេះ គឺគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិកា របស់សាលាខណ្ឌ តាមផ្អែកតាមស្ថានភាពបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័នប្រព័ន្ធ លូ ផ្លូវ និងប្រឡាយជាដើម ដែលមានការខូចខាត​ទាមទាឲ្យមានការជួសជុល និងស្តាឡើងវិញ។

លោក ហែម ដារិទ្ធិ បានបន្តថា ការខូចខាតបែបនេះ គឺដោយសារតែរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ហើយទឹកបានដក់ នៅតាមដងផ្លូវ មានរយៈពេលយូរ និងម្យ៉ាងវិញទៀត ប្រព័ន្ធលូនៅតាមកន្លែងខ្លះកកស្ទះហូរមិនទាន់ ដោយសារតែសំរាម និងដីកកស្ទះក្នុងប្រព័ន្ធលូ ប្រឡាយ។

លោកបានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ បានរៀបចំផែនការអភិវឌ្ឍរបស់ខ្លួន ដោយផ្តោតសំខាន់ៗ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូជាអាទិភាព គឺការជួសជុល និងប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកសំអុយ ឲ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាព សមស្របតាមតម្រូវការរបស់មូលដ្ឋាន និងម្យ៉ាងវិញទៀត ដើម្បីឆ្លើយតប ទៅនឹងប្រសាសន៍របស់ថ្នាក់ដឹកនាំ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ យ៉ាងយកចិត្តទុកដាក់ លើការងាររៀបចំប្រព័ន្ធលូ ប្រឡាយ អណ្តូង ជួសជុលផ្លូវ  និងបញ្ហាសំរាមជាដើម។

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ មានគម្រោងអភិវឌ្ឍន៍ចំនួន ៧សង្កាត់ គឺសង្កាត់កាកាប សង្កាត់ចោមចៅ សង្កាត់ត្រពាំងក្រសាំង សង្កាត់ភ្លើងឆេះរទេះ សង្កាត់ស្នោរ សង្កាត់បឹងធំ និងសង្កាត់សំរោង ក្រោមក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋានរំកិលបន្តិចម្តង រហូតលេចចេញជារូបរាង៕