(ភ្នំពេញ)៖ លោក ពេជ សោភ័ន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស បានលើកឡើងថា រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានខិតខំគ្រប់បែបយ៉ាងដើម្បីស្វែងរក និងផ្តល់នូវសន្តិភាពផ្លូវកាយ ជូនប្រជាពលរដ្ឋគ្រប់គ្នា ចំណែកសន្តិភាពផ្លូវចិត្ត មិនអាចនរណាផ្ដល់ឲ្យយើងម្នាក់ៗ ក្រៅពីខ្លួនយើងបានឡើយ។
ការលើកឡើងបែបនេះ របស់លោក ពេជ សោភ័ន ត្រូវបានធ្វើឡើង នៅក្នុងកម្មវិធីសំណេះសំណាលជាមួយ អនុប្រធានក្រុម និងប្រធានក្រុមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមានអ្នកចូលរួមប្រមាណ ៨២៦នាក់។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សន្តិភាពផ្លូវកាយ រាជរដ្ឋាភិបាល សម្ដេចតេជោ បានខិតខំតស៊ូរកផ្ដល់ឲ្យយើងបានហើយ ប៉ុន្តែសន្តិភាពផ្លូវចិត្តមិនអាចអ្នកណាផ្ដល់ឲ្យយើងក្រៅពីខ្លួនយើងបានឡើយ។ ទុក្ខបណ្ដាលមកពីដំណើរវិវត្តន៍ផ្លូវចិត្តនៃការចង់បាន បើយើងមិនព្រមជម្រុះឫសគល់នៃទុក្ខ ដែលជាអកុសលមូល ( លោភៈ, ទោសៈ, មោហៈ ) ធ្វើម្ដេចយើងអាចមានសេចក្ដីសុខ មានសន្តិភាពផ្លូវចិត្តបាន»។
លោក ពេជ សោភ័ន ក៏បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពដែលមានសព្វថ្ងៃ ហើយប្រឆាំងចំពោះជនទាំងឡាយ ដែលព្យាយាមបង្កអសន្តិសុខ ជាពិសេសអ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពរបស់កម្ពុជាផងដែរ៕