(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ សម រង្ស៊ី ក្តី កឹម សុខា ក្តីមិនអាចប្រៀបធៀបជាមួយនឹងលោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់នូបែលសន្តិភាពអតីតប្រធាន គណបក្សប្រឆាំងភូមា ដែលឥឡូវជាមេដឹកនាំពិត (Facto Leader) របស់ប្រទេសភូមាបានឡើយ ប៉ុន្តែគេអាចប្រៀបធៀបបាននូវរបៀបនៃការដឹកនាំបក្ស និងការរៀបចំគោលនយោបាយ ដែលពូកែសន្យាតែមិនអាចធ្វើបាន។ រយៈពេលជិតពីរឆ្នាំនៃការដឹកនាំប្រទេសរបស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្កឱ្យមានការខកចិត្តយ៉ាងខ្លាំងពីមន្ត្រី ដែលចូលរួមក្នុងរដ្ឋាភិបាល ក៏ដូចជាអ្នកគាំទ្របក្សប្រឆាំងនេះពីមុនមក។

យោងតាមគេហទំព័ររបស់ទូរទស្សន៍អាល់ហ្សាហ្សីរ៉ា (Aljazeera) មន្ត្រីក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី បានចោទប្រកាន់ថា លោកស្រីដឹកនាំ គណបក្សបែបជនផ្តាច់ការ អ្នកស្រីមិនបានស្តាប់ឬទទួលយកការផ្តល់យោ បល់ឡើយ ហើយលោកស្រីបានចាត់ទុកអ្នកធ្វើការជាមួយខ្លួនគឺជាកូនសិស្សសាលា និងមិនហ៊ានសួរសំណួរទៅគាត់ ដែលជាមនុស្សចាស់ទុំម្នាក់។ លើសពីនេះទៀត អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំភូមាលោក Derek Mitchell បានបង្ហាញបញ្ជីតវ៉ាប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊ូជី ដែលមានចរិតផ្ទុយខុសស្រឡះពីមិនទាន់ជាប់ឆ្នោតឡើងធ្វើជាមេដឹកនាំពិតនៃភូមាដែល ក្នុងនោះរួមមាន «លោកស្រីស៊ូជី បានកំណត់ព្រំដែនទំនាក់ទំនងជាមួយប្រព័ន្ធព័ត៌មាន មានទំនាក់ទំនងតានតឹងជាមួយអង្គការសង្គមស៊ីវិលការប្រកាន់ឋានានុក្រម នៃការដឹកនាំ អត្តនោម័តក្នុងការសម្រេចចិត្ត មានការខកចិត្តចំពោះដំណើរការសន្តិភាពរបស់ប្រទេស និងកង្វះខាតក្នុងការរៀបចំផែនការសេដ្ឋកិច្ចស៊ីជម្រៅ និងច្បាស់លាស់មួយ ជាពិសេសលោកស្រីអ៊ុងសាន ស៊ូជី ជាជ័យលាភីណូបែលសន្តិភាព ប៉ុន្តែសកម្មភាពមិនសន្តិភាពដោយប្រឆាំងនឹង ក្រុមជនជាតិភាគតិចអ៊ិស្លាម រូហិនយ៉ា ដោយការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំង»

នេះគឺជាអ្វីដែលគេមើលឃើញថា ការសន្យារបស់បក្សប្រឆាំងភូមារបស់លោកស្រី អ៊ុងសាន ស៊ូជី មិនអាចធ្វើ បានតាមដូចអ្វីដែលខ្លួនសន្យាជាមួយម្ចាស់ឆ្នោត ឡើយនិងបានធ្វើឱ្យអ្នកគាំទ្រ និងអ្នករួមការងារមួយចំនួនខកចិត្ត។ ឥឡូវក្រឡេកមកមើលបក្សប្រឆាំងនៅកម្ពុជាវិញដែលសមត្ថភាព មិនស្មើនឹងរោមជើង លោកស្រី អ៊ុងសាន ស៊ូជី ផង នោះបាននិងកំពុងដើរសន្យាខ្យល់បោកប្រាស់ប្រជាពលរដ្ឋ។ មិនចាំបាច់រង់ចាំដល់ពេលមានវាសនា អាចឡើងដឹកនាំប្រទេសដូច លោកស្រី ស៊ូជី ទេ គ្រាន់តែពិនិត្យលើសកម្មភាពរបស់បក្សប្រឆាំងក្រោយការបោះឆ្នោត តើពួកគេអាចធ្វើបានខ្លះសម្រាប់ប្រទេសកម្ពុជាដ៏កម្សត់ របស់យើងដែលទើបនឹងទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះជាង ២០ ឆ្នាំមកនេះ?

ទី១៖ រាស្ត្របោះឆ្នោតឱ្យធ្វើតំណាងរាស្ត្រ មិនចូលសភា ប៉ុន្តែបែរជាដើរតវ៉ាតាមផ្លូវ ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល និងរបបដឹកនាំស្របច្បាប់ មិនទទួលយកលទ្ធផលបោះឆ្នោត មិន ចូលប្រជុំសភា ប៉ុន្តែបើកប្រាក់ខែដែលបានមកពីញើសឈាមរបស់ប្រជាពលរដ្ឋខ្មែរ។ រាស្ត្រខ្មែរបោះឆ្នោតឱ្យចូលតវ៉ាក្នុងសភា តតាំងផ្នែកច្បាប់ តែតំណាងរាស្ត្របក្សប្រឆាំងមិនបានបំពេញភារកិច្ចខ្លួនឡើយ។

ទី២៖ បក្សប្រឆាំងដើរញុះញង់ប្រជាពលរដ្ឋឱ្យធ្វើបាតុកម្ម បង្កអសន្តិសុខកម្លាំងអនាធិបតេយ្យ និងបង្កចលាចលសង្គម។

ទី៣៖ ដើរអំពាវនាវឱ្យ ប្រទេសដាក់សម្ពាធមកលើរាជរដ្ឋាភិបាលស្របច្បាប់ និងអំពាវនាវឱ្យកាត់ជំនួយ និងបញ្ឈប់ទិញផលិតផលសម្លៀក បំពាក់ ស្បែកជើងនិងសម្ភារផ្សេងៗទៀត។

ទី៤៖ ដើរបោកប្រាស់រៃអង្គាសលុយកាក់ប្រជាពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេសសម្រាប់បុគ្គលអ្នកនយោបាយ ដើម្បីធ្វើមានធ្វើបានធ្វើឱ្យពលរដ្ឋមួយចំនួន ដែលលង់ក្នុងការបោកប្រាស់របស់ ធ្លាក់ខ្លួនក្រីក្រលំបាកជំពាក់បំពុលគេ និងចុងក្រោយទម្លាក់កំហុស មកលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា ជនកម្ពុជាថាមិនបានអភិវឌ្ឍប្រទេសអ្វីបន្តិចឡើយដឹកនាំយូរៗ ទៅកាន់តែក្រទៅៗ និងបរិហារកេរ្តិ៍ពលរដ្ឋខ្មែរអំពើការ គ្មានបង្គន់អនាម័យប្រើប្រាស់ ខណៈខ្លួនឯងសូម្បីតែបង្គន់មួយ ក៏មិនបានជួយ ផ្លូវថ្នល់មួយខ្សែក៏មិនបានជួយ…តើឱ្យរាស្ត្រទុកចិត្តម្តេចបាន?

លោកស្រី អ៊ុងសាន ស៊ូជី គឺជាអ្នកចេះដឹងមានបទពិសោធ និងសហគមន៍អន្តរជាតិ ទទួលស្គាល់ហើយត្រូវបានពលរដ្ឋភូមា និងសហគមន៍អន្តរជាតិរំពឹងថា នឹងធ្វើឱ្យភូមាចាកចេញពីសង្គ្រាមជាតិសាសន៍ និងធ្វើតាមអ្វីដែលជាសន្យាក្តែង នៅពេលឃោសនាបោះឆ្នោត ប៉ុន្តែឥឡូវនេះក្តីសង្ឃឹមលើម្ចាស់ជ័យលាភីណូបែល សន្តិភាពនេះជាមួយនឹងកម្រិតខ្ពស់បំផុតនោះ ទីបំផុតទៅការខកចិត្តក៏មានកម្រិតខ្ពស់ដែរ។ សហគមន៍អន្តរជាតិចាប់ផ្តើមរិះគន់លោកស្រី អ៊ុងសាន ស៊ូជី លើរបៀបនៃការដឹកនាំ ដែលប៉ុនប៉ងប្រមូលអំណាចមក ក្នុងរង្វង់ដៃខ្លួនទាំងស្រុង និងមានការរើសអើងប្រកាន់ពូជសាសន៍ប្រឆាំង នឹងជនជាតិភាគតិច ម៉ូស្លីមរូហីងយ៉ា។ ផ្លូវតែមួយជាមួយបក្សប្រឆាំងនៅកម្ពុជាគឺគ្មាន អ្វីក្រៅពីការធ្វើប្រជាភិថុតបោកប្រាសរាស្ត្រដោយសន្យាធ្វើនេះធ្វើនោះ ប៉ុន្តែតាមពិតគោល នយោបាយរបស់គណបក្សប្រឆាំង ដែលបានលើកឡើង គឺមានរួចហើយនៅក្នុងគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា​ ដែលមានបទពិសោធដឹកនាំប្រទេស ផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម រំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរ ក្រហម នាំយកសុខសន្តិភាពទាំងស្រុង ធ្វើឱ្យមានឯកភាពជាតិ ឯកភាពទឹកដីដែលក្នុងប្រវត្តិសាស្ត្រកម្ពុជា រយៈពេល៥០០ឆ្នាំចុងក្រោយនេះ មិនដែលបានជួបប្រទះសោះនោះ។

សូម្បី អ៊ុងសាន ស៊ូជី ដែលមេបក្សប្រឆាំងព្យាយាមតោងឥទ្ធិពលតាមរយៈថតរូបជាមួយ មិនអាចធ្វើតាមការសន្យារបស់ខ្លួនបានផង និងកំពុងតែទទួលការ ស្តីបន្ទោសពីសំណាក់ប្រជាពលរដ្ឋ និងសហគមន៍អន្តរជាតិ ចុះទម្រាំ តែមេដឹកនាំបក្សប្រឆាំង និងមន្ត្រីបក្សប្រឆាំងដែលខ្សត់ធនធានមនុស្សចេះដឹង មានតែអ្នកញៀនល្បែង ស្រី ស្រានិង ស្រវ៉ាតែលុយកាក់បុណ្យស័ក្តិអំណាច ក្នុងបក្សកាប់ចាក់គ្នាស្ទើរគ្មានលុះថ្ងៃ តើនឹងធ្វើអ្វីបានទៅ? ពួកគេគ្រាន់តែយក នយោបាយដើម្បីធ្វើអាជីវកម្មតែប៉ុណ្ណោះ ហើយដើម្បីបានចំណេញ ពួកគេមិនខ្លាចនឹងបញ្ឆេះកំហឹងប្រជាពលរដ្ឋមិនញញើតក្នុងការបញ្ចេញសារញុះញង់ ស្អប់ខ្ពើមរើសអើងប្រកាន់ពូជសាសន៍ និងបញ្ឆេះឱ្យមានកំហឹងវណ្ណៈក្នុងសង្គមខ្មែរ។

ការគ្រប់គ្រងប្រទេសមួយទាមទារចាំបាច់នូវការទទួលខុសត្រូវខ្ពស់ទាំងសីលធម៌ បទពិសោធ ចំណេះដឹង ចំណេះធ្វើ ទេពកោស្យ ការអត់ធ្មតខ្ពស់។ ចុះបើមេបក្ស ប្រឆាំងទាំងមុនទាំងក្រោយ សុទ្ធតែមិនខ្មេះ បង្ករឿងហើយរួចរត់ចោលស្រុក ឬឃុំខ្លួនឯងក្នុងទីស្នាក់ការបក្ស តើសក្តិសមជាមនុស្សគួរឱ្យទុកចិត្តក្នុងការ ដឹកនាំប្រទេសទេ? ចម្លើយសាមញ្ញបំផុតគឺមិនអាចទៅរួចឡើយ មានតែនាំប្រទេសទៅកាន់វិថីអវិជ្ជមាន និងបំផ្លិចបំផ្លាញ ហើយរាស្ត្រខ្មែរទាំងអស់ក៏មិនត្រូវ ទុកចិត្តអ្នកនយោបាយ ចំពាមកៅស៊ូមេដឹកនាំបក្សប្រឆាំងរាល់ថ្ងៃនេះដែរ៕

ដោយ៖ ចៅចាក់ស្មុក