(កំពត)៖ ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពត បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដឹកនាំកិច្ចប្រជុំដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។
លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ ដែលមានភារកិច្ចទទួលខុសត្រូវ គ្រប់គោលដៅទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យកម្លាំង បង្កើនការប្រុងប្រយ័ត្ន ការពារសន្តិសុខ ក្នុងដំណើរការឃោសនា, បោះឆ្នោត និងរាប់សន្លឹកឆ្នោត ឲ្យប្រព្រឹត្តទៅមានភាពត្រឹមត្រូវយុត្តិធម៌ តាមនីតិវិធីមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ រហូតដល់ចប់ចុង ចប់ដើម។
លោកស្នងការ បញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់យករបបនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានការបោះឆ្នោត ដោយសេរីយុត្តិធម៌ គ្មានការបំភិតបំភ័យ និងគំរាមកំហែង ហើយលទ្ធិប្រជាធិបតេយ្យ គឺត្រូវមានច្បាប់ យកច្បាប់ជាគោល ជនណាឬក្រុមណា មានចេតនារារាំង អុកឡុកបំផ្លាញការបោះឆ្នោត កម្លាំងនគរបាលមានតួនាទីបង្ក្រាប។
សូមបញ្ជាក់ថា នៅក្នុងខេត្តកំពត មានការិយាល័យបោះឆ្នោតចំនួន៩៣២ការិយាល័យ ស្មើនឹង៣៧១គោលដៅ ហើយប្រើប្រាស់កម្លាំងសមត្ថកិច្ចសរុប ២.១៥២នាក់ ក្នុងនោះ កម្លាំងនគរបាលមានចំនួន១.៨៦០នាក់, កម្លាំងកងរាជអាវុធហត្ថ២១២នាក់ និងកម្លាំងតំបន់ប្រតិបត្តិការសឹងរងកំពត ៤០នាក់ផងដែរ។ ដោយឡែក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងសរុប៩៧១នាក់ ក្នុងនោះមានទាំងកម្លាំងនគរបាល, កងរាជអាវុធហត្ថ និងតំបន់ប្រតិបត្តិការសឹងរងខេត្ដ៕