(កណ្ដាល)៖ យុវជនម្នាក់ ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្ដាល នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធបទល្មើស រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ។
លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានថ្លែងថា យុវជនឈ្មោះ រិន ផានិត អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ» តាមមាត្រា៤២ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
យុវជនរូបនេះ ត្រូវបាននគរបាលស្រុកកៀនស្វាយ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែឧសភា នៅចំណុចភូមិព្រែកដូង ឃុំព្រែកដូង ស្រុកកៀនស្វាយ។
របាយការណ៍នគរបាលស្រុកកៀនស្វាយ បង្ហាញថា ក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ដោយកន្លងមកជនសង្ស័យនិងជនរងគ្រោះ ជាសង្សារនឹងគ្នា ហើយបានជួបគ្នាក៏រួមភេទជាមួយគ្នាតែម្តង។ ក្រោយមកម្តាយជនរងគ្រោះ ដឹងករណីនេះ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យតែម្តង៕