(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង ១០៖១០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ និងបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅក្នុងប្រទេសចិន ដោយបាននាំមកនូវកិត្តិយស និងឧត្តមប្រយោជន៍ជាច្រើន សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ដំណើរអញ្ជើញមកដល់របស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បើទោះបីនៅក្នុងយប់អាធ្រាត្រយ៉ាងណាក្តីក៏មានការរង់ចាំ ទទួល ស្វាគមន៍ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក៏ដូចជាបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ។ ការចូលរួមកិច្ចប្រជុំនិងបំពេញ ទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅលើទឹកដី នៃមហាមិត្តចិន សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ប្រកប ដោយភាពកក់ក្តៅ និងស្និទ្ធ ស្នាលជាទីបំផុត ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង រួមនិងថ្នាក់នាំជាន់ខ្ពស់របស់ចិនមួយចំនួន ទៀត។
ក្នុងដំណើរទស្សនកិច្ចជាលើកទី៥នៅក្នុងប្រទេសចិនរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវកិច្ចសហប្រតិបត្តិការ និង ការពង្រីកពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលមានប្រវត្តិទំនាក់ទំនងនឹងគ្នាដ៏យូរលង់មកហើយនោះ ដើម្បីជាប្រយោជន៍ សម្រាប់ប្រជា ពលរដ្ឋនៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសចិននាពេលនេះ មានការចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀង ចំនួន៦ ដែលក្នុងនោះរួមមានកិច្ចព្រមព្រៀងផ្តល់ជំនួយអភិវឌ្ឍន៍នៅតាមជនបទ និងការពង្រីកសមត្ថភាពមន្ទីរពេទ្យយោធាកម្ពុជា សម្រាប់ឆ្នាំ២០១៧ ដោយមានទឹកប្រាក់រហូតដល់ទៅជាង ២៣០លានដុល្លារ។
តាមសំណើរបស់កម្ពុជា ចិនបានសន្យាជួយទៅអង្ករកម្ពុជារហូតដល់ទៅ ៣០ម៉ឺនតោននៅក្នុងឆ្នាំ២០១៨ និងប្តេជ្ញាជួយជំរុញទំហំពាណិជ្ជ កម្ពុជា ឲ្យឡើងដល់ ៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ ចិន ក៏បានសន្យាជួយពន្លឿនការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ដែរថា កម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ កាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានដំឡើងទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន នៅទីក្រុងប៉េកាំង។ ឆ្នាំ២០១៣ ជាខួប ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ភាគីទាំងពីរបានកំណត់ជា ឆ្នាំមិត្តភាពកម្ពុជា-ចិន។
តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរនេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ចំនួន៤លើករួចមកហើយ ក្នុងនោះលើកទី១ ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៩។ លើកទី២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០០៤ និងលើកទី៣ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១០ និងលើកទី៤ ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំអន្តរជាតិនៅប្រទេសចិនចំនួន ៤លើកផងដែរ ក្នុងនោះលើកទី១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ថ្ងៃទី២០-២១ ខែឧសភាឆ្នាំ២០១៤។ លើកទី២ អញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូលរបស់ប្រធានក្រុមហ៊ុន នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC CEO Summit) នៅទីក្រុងប៉េកាំង ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៤។ លើកទី៣ អញ្ជើញចូលរួមវេទិកាទេសចរណ៍ពិភពលោកម៉ាកាវ ឆ្នាំ២០១៥ នៅម៉ាកាវ និងសន្និសីទពិសេសស្តីពីគណបក្សនយោបាយអាស៊ី ស្តីពីផ្លូវសូត្រ នៅប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥ និងលើកទី៤ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡានឆាង លើកទី១ នៅទីក្រុងសានយ៉ា និងវេទិកាប៊ូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ២០១៦ នៅទីក្រុងប៊ូអាវ ខេត្តហៃណាន ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦៕