(ព្រៃវែង)៖ ជនជាប់ចោទជាមុខសញ្ញាមេចោរប្លន់ប្រដាប់អាវុធ ប្រចាំខេត្តព្រៃវែង ដែលធ្លាប់ដឹកនាំកូនចៅប្លន់រហូតទៅដល់៣៧លើក ត្រូវបានសាលាដំបូងខេត្តព្រៃវែង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៨ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់៦០លានរៀលទៅជនរងគ្រោះទៀតផង។

មន្រ្តីសាលាដំបូងខេត្តព្រៃវែង បានឲ្យដឹងថា ជនជាប់ចោទចំនួន៥នាក់ ដែលជាមុខសញ្ញាប្លន់ប្រដាប់អាវុធ៣៧លើក ត្រូវបានលោក ឃ្លោគ ពិសិដ្ឋ ចៅក្រមជម្រះ នៃសាលាដំបូងខេត្តព្រៃវែង ប្រកាសសាលក្រម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។

ជនជាប់ចោទទី១-ឈ្មោះ នៅ ស័រ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ទី២-ឈ្មោះ ថោង យា អាយុ៥១ឆ្នាំ ត្រូវជាបងប្អូនថ្លៃឈ្មោះ នៅស័រ នៅភូមិជាមួយគ្នា អ្នកទាំង២កំពុងជាប់ឃុំនៅខេត្តស្វាយរៀង
ទី៣-ឈ្មោះ នុត ថង ហៅតុក អាយុ៣៨ឆ្នាំ នៅភូមិចំណងទា ឃុំជាមួយ
ទី៤-ឈ្មោះ ងិន ថា អាយុ៤៣ឆ្នាំ មានទីលំនៅភូមិក្រូច ឃុំជាងដែក ស្រុកជាមួយ និង៥-ឈ្មោះ ម៉ឹង សារី ហៅគ្រូម៉េង អាយុ៦១ឆ្នាំ ជាមេក្លោង ក្នុងអំពើប្លន់យ៉ាងសកម្មទាំង៣៧លើក ដែលមានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅព្រៃវែង។

ជនជាប់ចោទទាំងនេះត្រូវតុលាការសម្រេចឲ្យដាក់ពន្ធនាគារក្នុងម្នាក់ៗ០៨ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ទៅឈ្មោះ សំ ណាគ្រី ដែលជាជនរងគ្រោះចំនួន៦០លានរៀល។ ដោយលើកលែងទោសឲ្យជនជាប់ចោទចំនួន០២នាក់ទី១-ឈ្មោះ ឃុត ហុន មានទីលំនៅភូមិបេងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាប់ចោទពីបទទទួលផលចោរកម្ម ទី២-ឈ្មោះ ម៉ឹង សុខា ភេទ(ហៅសារូ) មានទីលំនៅភូមិក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ដែលបានប្រព្រឹត្តក្នុងអំពើលួច។

ក្នុងនោះតុលាការខេត្ត បានបង្គាប់ឲ្យចាប់ឈ្មោះ នុត ថង និងឈ្មោះ ងិន ថា ដែលកំពុងរត់គេចខ្លួនឲ្យមកទទួលទោស តាមច្បាប់ និងទុករយៈពេល១ខែ សម្រាប់ប្ដឹងទាស់ទៅឧទ្ធរណ៍បើភាគីណាមិនសុខចិត្ត។ អ្នកស្រី សំ ណាគ្រី មានទីលំនៅជាប់របងផ្ទះជនជាប់ចោទឈ្មោះ ម៉ឹង សារី (ហៅគ្រូម៉េង) បានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវបានជនជាប់ចោទខាងលើ ប្លន់កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១១ នៅម៉ោង៧យប់ ដោយបាត់បង់ទ្រព្យសម្បត្តិអស់ជាង១ម៉ឺនដុល្លារ។

អ្នកស្រីសម្រេចប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ព្រោះកើតទុក្ខមិនសុខចិត្ត នូវការសម្រេចរបស់តុលាការខេត្ត ដែលបានលើកលែងទោសជនជាប់ចោទ២នាក់ខាងលើ។ ស្ដ្រីជាប្អូនបង្កើតជនជាប់ចោទ ម៉ឹង សារី បានលើកឡើងថា គាត់នឹងប្ដឹងទាស់ឧទ្ធរណ៍ ព្រោះបងខ្លួនជាប់០៨ឆ្នាំយូរពេក ណាសំណងដល់៦០លានរៀលទៀតគ្មានលុយបង់ទេ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្នុងភូមិ បានឲ្យដឹងថា ក្រោយពេលជនជាប់ចោទជាមេក្លោងប្លន់៣៧លើក និងបក្ខពួកត្រូវចាប់ខ្លួន និងខ្លះកំពុងរត់គេចមកនោះ គឺភូមិរបស់គាត់មិនសូវកើតបទល្មើលប្លន់ឡើយ ហេតុនេះពលរដ្ឋសូមឲ្យតុលាការដាក់ទោសមេក្លោងចោរប្លន់ និងបក្ខពួកឲ្យជាប់ពន្ធនាគារយូរ គឺដើម្បីភូមិ-ឃុំមានសុវត្ថិភាព៕