(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងថា គណបក្សប្រជាជនកម្ពុជាឲ្យតែថាហើយ គឺធ្វើជានិច្ច មិនសន្យាខ្យល់ដូចគណបក្សគេផ្សេងនោះទេ។ ការលើកឡើងបែបនេះខណៈសម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពក្នុងពិធី បញ្ចុះខ័ណ្ឌសីមាព្រះវិហារ វត្តសុវណ្ណសាមគ្គី ស្ថិតនៅភូមិអង្គរអង្ក ឃុំអង្គរអង្ក ស្រុកពាមជរ ខេត្តព្រៃវែងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។
នៅក្នុងឱកាសនោះសម្តេច ស ខេង បានថ្លែងអំណគុណចំពោះសប្បុរសជន ដែលបានចំណាយថវិកា និងសម្ភារក្នុងការជួយកសាងព្រះវិហារនេះឡើង រួចរាល់ជាស្ថាពរ ហើយការចូលរួមរួមចំណែកនេះ បានបង្ហាញឲ្យឃើញថា «បងប្អូនមានជំនឿទៅលើព្រះពុទ្ធសាសនារបស់ខ្មែរយើង ដែលជាសាសនារបស់រដ្ឋ យ៉ាងម៉ុតមាំ សម្រាប់បងប្អូនទាំងអស់ មកគោរពប្រវតិ្តសិក្សារៀន បណ្តុះនូវពុទ្ធិ អប់រំសីលធម៌សង្គម ឲ្យប្រជាពលរដ្ឋចៀសឲ្យឆ្ងាយ នូវអំពើបាបទាំងឡាយ និងកសាងប្រទេសមួយមានសន្តិភាព សន្តិសុខល្អ»។
សម្តេច ស ខេង បានលើកឡើងទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រឹងប្រែង កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្ររហូតមកសព្វថ្ងៃនេះ ព្រមទាំងបានកសាងគ្រឹះសន្តិភាព យ៉ាងរឹងមាំ ខុសពីរបបប៉ុលពត បានបំផ្លាញអ្វីៗទាំងអស់រួមទាំងមនុស្សទៀតផង។
នៅក្នុងឱកាសនោះ សម្តេចបានដោះស្រាយនូវសំណូមពររបស់ឃុំ ប្រជាពលរដ្ឋ និងព្រះសង្ឃរួមមាន៖ ទី១-សងថ្លៃជំពាក់សាងសង់ព្រះវិហារ ចំនួន២៣,៥០០,០០០រៀល ទី២-កសាងអគារសិក្សា១ខ្នង នៅឃុំអង្គរអង្គ ដំឡើងទៅជាអនុវិទ្យាល័យអង្គរអង្គ ទី៣-កសាងអគារសិក្សា១ខ្នង នៅឃុំក្រាំងត្រយ៉ង ដំឡើងទៅជាអនុវិទ្យាល័យ ស្រុកពាមជរ និងទី៤-កសាងឧបដ្ឋានសាលានៅវត្តអង្គរអង្គ៕