(ព្រៃវែង)៖ លោក ជា សុគន្ធា អនុប្រធានក្រុមការងារគណពង្រឹងមូលដ្ឋានស្រុកកំពុងត្របែក និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំថ្កូវ លោក សួន គឹមស៊ាន់ អនុប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំថ្កូវ បានបើកយុទ្ធនាការ បានដឹកនាំក្រុមគ្រូស្ម័គ្រចិត្ត ដោយមានការចូលរួមពីក្រុមគ្រូពេទ្យបាំរាំងផងដែរ។ ពិធីនេះធ្វើឡើងរយៈពេល២ថ្ងៃគឺ១៦-១៧ ខែឧសភា ឆ្នាំ២០១៧នេះ រួមនឹងមានប្រជាពលរដ្ឋបានចូលទៅព្យាបាលជំងឺរបស់ពួកគាត់មានរហូតដល់ទៅជាង ៧០០នាក់ ហើយការព្យាបាលនេះគឺ ដើម្បីចូលរួមចំណែកកាត់ន្ថយការចំណាយរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃទៅលើសេវាសុខភាព។
ក្នុងឱកាសនោះលោក ជា សុគន្ធា បានថ្លែងថា «ក្រៅពីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាសុខភាព ត្រូវការ ចាំបាច់ដែរ។ ប្រជាពលរដ្ឋម្នាក់ៗ ចង់បានដូចនេះ ការផ្ដល់ការពិនិត្យព្យាលបាលជំងឺ ជូនប្រជាពលរដ្ឋ នៅឃុំ ថ្កូវ នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ ស្រយាល ដែលមានជីវភាពខ្វះខាតឲ្យទទួលបាន សេវាសុខភាពដូចៗគ្នា»។
លោក សុគន្ធា បន្តថា ដោយសារមើលឃើញបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស តែងតែចាត់ឲ្យក្រុមពេទ្យស្មគ្រ័ចិត្ត ចុះជួយពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនៅគ្រប់តំបន់ទូទាំងប្រទេស ការចុះពិនិត្យ និងព្យាបាលនេះ គឺជាស្មារតីមនុស្សធម៌ពិតៗកើតចេញពីសេចក្តីស្រឡាញ់ ដែលមិនប្រកាន់ជំនឿសាសនា ឬ និន្នាការនយោបាយ គឺក្នុងគោលសំដៅតែមួយ ដើម្បីកាត់បន្ថយភាពក្រីក្រ និងឲ្យប្រជាពលរដ្ឋទទួលបានសុខភាពល្អរស់នៅមានសុភមង្គលក្នុងមហាគ្រួសារខ្មែរ។
លោក ជា សុគន្ធា និងក្រុមការងារបានអញ្ជើញចុះសាកសួសុខទុក្ខ និងបានស្វែងយល់ពីស្ថានភាពជីវភាព រស់នៅរបស់ប្រជាពលរដ្ឋតាមភូមិនីមួយៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំផងដែរ ដោយនាំយកអំណោយ មានជាសម្ភារៈប្រើប្រាស់គ្រឿង ឧបភោគបរិភោគ និងថវិកាមួយ ចំនួនជូនដល់ គ្រួសារខ្វះខាត និង ចាស់ជរាក្នុងឃុំនេះផងដែរ ។
បន្ទាប់មក លោក ជា សុគន្ធា បានធ្វើពិធីទទួលសមាជិក CNRP ជាច្រើននាក់ ដែលបន្តដើរចេញពីគណបក្សសង្គ្រោះជាតិ សុំចូលមករួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែពួកគាត់បានមើលឃើញយ៉ាងច្បាស់លាស់ពីសកម្មភាពរបស់គណបក្សផ្សេងៗ ពិសេសមិនពេញចិត្តការដឹកនាំ និងរបៀបរបបធ្វើការងាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ពោលគឺមេដឹកនាំគណបក្សនេះ គ្មានសមត្ថភាពដឹកនាំប្រទេសឡើយ ចេះតែម្យ៉ាង គឺឃោសនាញុះញង់បំបែកបំបាក់សាមគ្គីភាពជាតិ បង្កអសន្តិសុខសង្គម ប្រព្រឹត្តិអំពើមិនគួរគប្បីក្នុងជួរគណបក្ស និងអំពើអសីលធម៌ជាដើម។
នាឱកាសនោះផងដែរ លោក ជា សុគន្ធា ក៏បានផ្តល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋ នៅឃុំថ្កូវ ស្រុកកំពង់ត្របែក ក្នុងការផ្គត់ផ្គង់និងប្រើប្រាស់តាមតម្រូវការរបស់ពួកគាត់ផងដែរ៕