Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះវិហារ ប្រកាសជួសជុលកែលំអរផ្លូវ ក្នុងខេត្តឲ្យបានស្អាត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ សម្រាប់ការធ្វើដំណើរ

17-05-2017 19:32

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រកាសថា លោកនឹងជួសជុល កែលំអរផ្លូវក្នុងក្រុងនានាឲ្យបានល្អ ស្អាតដើម្បីបំរើប្រជាពលរដ្ឋទូទៅសម្រាប់ការធ្វើដំណើរ។ លោកអភិបាលខេត្តបានប្រកាសបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ចុះពិនិត្យមើលសកម្មភាពជួសជុលផ្លូវក្រាលគ្រួសក្រហម និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវដែលកំពុងជួសជុលនេះ គឺធ្វើឡើងតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ហើយផ្លូវនេះក៏ជាផ្លូវមួយ ដែលស្ថិតនៅក្នុងគំរោងជួសជុលរបស់ខេត្តដែរ តែយើងមិនទាន់បានធ្វើ ព្រោះត្រូវធ្វើកន្លែងផ្សេងៗដែលចាំបាច់។ ស្របពេលដែលប្រជាពលរដ្ឋស្នើសុំ គឺយើងធ្វើជូនគាត់តែម្តងទៅ។

លោកអភិបាលខេត្ត បានបន្តថា «ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ បើប្រៀបធៀប និងក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ គឺខុសប្លែកគ្នាដូចមេឃ និងដី។ តួយ៉ាងដូចខេត្តព្រះវិហារយើង ជាដើម កាលពីមុនបើចង់ធ្វើដំណើរមកលែងខេត្តព្រះវិហារ គឺយើងត្រូវដេកផ្លូវ តែបច្ចុប្បន្ននេះខេត្តព្រះវិហារ យើងអាចទៅមកព្រឹកល្ងាចក៏បាន»។

លោកអភិបាលខេត្តបានលើកទៀតថា «ការយឺតយ៉ាងក្នុងការជួសជុលផ្លូវ ក្នុងគំរោងដែលយើងបានគ្រោងទុកុ មូលហេតុពេលខ្លះយើងងាកទៅកន្លែងចាំបាច់មុន។ យើងមិនបានសន្យាទេ តែយើងត្រូវធ្វើតាមជំហ៊ានគីង្គក់ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ប្រសើរជាងអ្នកដែលដើរតែសន្យាហើយមិនធ្វើនោះទេ»។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចែកអំណោយដល់ប្រជាពលរដ្ឋផងដែរ៕