(ភ្នំពេញ)៖ សមាជិករណសិរ្សរំដោះជាតិខ្មែរចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងការប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ បន្ទាប់ពីត្រូវបាន​ចាប់ខ្លួនកាលពីម្សិលមិញ ខណៈដែលពួកគេកំពុងធ្វើសន្និសីទកាសែត ដើម្បីទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស និងយល់ព្រមតាមសំណើរបស់ពួកគេ៣លក្ខខណ្ឌផ្សេងទៀត។

ស្ន​ងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខលោក ស៊ឹម វុទ្ធី បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះ ជនសង្ស័យទាំង៣នាក់ នឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក ដោយសារតែនៅថ្ងៃនេះ លោកព្រះរាជអាជ្ញាមិនទាន់​បញ្ចប់ការត្រួតពិនិត្យសំណុំរឿងនៅឡើយ។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅទីស្នាក់ការរបស់អង្គការអន្តរសាស្រ្ត ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមាជិករណសិរ្សរំដោះជាតិខ្មែរទាំង៣រូបនោះ រួមមាន ទី១.ឈ្មោះ ធុយ វី ទី២.ឈ្មោះ ឃុន សាវៈខែត្រ និងទី៣. ឈ្មោះ សុភា។

លោក ស៊ឹម វុទ្ធី បានថ្លែងប្រាប់ថា ជនទាំង៣នាក់ ដែលសមត្ថកិច្ចចាប់ខ្លួននោះ មានម្នាក់ជាជំនួយការរបស់ លោក សម សេរី ដែលជាមេដឹកនាំបង្កើតរដ្ឋាភិបាលនិរទេស មានមូលដ្ឋាននៅប្រទេសដាណឺម៉ាក់ ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ចំណែក២នាក់ទៀត គឺជាអ្នកផ្តល់ទីតាំងដើម្បីធ្វើសន្និសីទកាសែត និងជាសមាជិករណសិរ្យរំដោះជាតិខ្មែរ។

លោកបានថ្លែងបញ្ជាក់ទៀតថា សមាជិករណសិរ្យរំដោះជាតិខ្មែរ ទាំង៣នាក់នេះ បានធ្វើសន្និសីទ ដោយទាមទារ ចំនួន៤ចំណុចក្នុងនោះរួមមាន៖ ទី១៖ ស្នើឱ្យអនុញ្ញាតឱ្យអង្គការសហប្រជាជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា ទី២៖ការទាមទារឱ្យមានការដោះលែងអ្នកទោស ទី៣៖ ស្នើឱ្យប្រទេសមហាអំណាចពិនិត្យឡើងវិញ​ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងទី៤៖ ស្នើសុំឱ្យលើកលែងការចោទប្រកាន់ទៅលើ លោក សម សេរី ដែលជាមេក្លោងរបស់ពួកគេជាដើម។

សូមបញ្ជាក់ថា លោក សម សេរី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យចាប់ខ្លួន ពាក់ព័ន្ធនឹងគម្រោងការណ៍ផ្តួលរំលំរដ្ឋាភិបាលបរាជ័យ រួមទាំងការប្រកាសបង្កើតរដ្ឋាភិបាលនិរទេស។

កាលពីខែតុលា ឆ្នាំ២០១៤ នគរបាលក៏បានចាប់ខ្លួនមនុស្សចំនួន១០នាក់ ដែលសមាជិកនៃក្រុមរណសិរ្សរំដោះជាតិខ្មែរផងដែរ ខណៈដែលពួកគេ ធ្វើសកម្មភាពចែកចាយសេចក្តីអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើបាតុកម្មប្រឆាំង នៅខាងមុខសាលា​រាជធានីភ្នំពេញ។ សមាជិករណសិរ្យរំដោះជាតិខ្មែរទាំងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ៩ឆ្នាំ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាតិ។

នៅព្រឹកមិញ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលខណ្ឌជ្រោយចង្វារ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីការចាប់ខ្លួន ក្រុមសមាជិករណសិរ្ស ដែលចង់ផ្ដួលរលំរាជរដ្ឋាភិបាល តែមិនអាចទៅរួចនោះទេ ព្រោះការធ្វើបែបនេះប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល របស់កម្ពុជា។

លោក ប៉ា សុជាតិវង្ស ថ្លែងយ៉ាងដូច្នេះថា «គេបង្កើតដើម្បីផ្ដួលរលំ ដើម្បីដណ្ដើមអំណាច សួរថាគេធ្វើទៅបានទេ គេមិនអាចធ្វើទៅបានទេព្រោះការធ្វើបែបនេះ ប្រឆាំងទៅនឹងនាកាលសកល ប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់យើង»

អភិបាលរាជធានីភ្នំពេញរូបនេះ បន្ថែមថា មកទល់ពេលនេះកម្ពុជា មានសុខសន្ដិភាពពេញលេញ ហើយសន្ដិភាពនេះទៀត គឹកើតចេញពីបាតដៃជនកម្ពុជាគ្រប់រូប ដែលបានស្ថាបនាឡើង អញ្ចឹងហើយពលរដ្ឋកម្ពុជាទាំងអស់គ្នា ជាស្ថានិកនៃសន្ដិភាពនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ និងនយោបាយឈ្នះឈ្នះ៕