(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា «ចាប១នៅក្នុងដៃ ប្រសើរក្រាស់ក្រៃជាងចាបមួយហ្វូងដែលគេសន្យាឲ្យនៅក្នុងព្រៃ»។ នេះជាសុភាសិតចិនមួយ ដែលទាមទារឲ្យបងប្អូនពិចារណាឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្ត។ ជាក់ស្តែង ប្លង់កម្មសិទ្ធិដែលត្រូវចែកជូននាពេលនេះ ជាការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយើង ទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់។

ការលើកឡើងរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅបរិវេណវត្តសុវណ្ណរតនមង្គល ហៅវត្តចំបក់មាស ស្ថិតក្នុងភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងឱកាសលោក អញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ម្ចាស់ក្បាលដី៣ភូមិ គឺភូមិក្តីឈ្នួល ក្នុងឃុំត្រពាំងជង ភូមិចំបក់មាស និងភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកាន មានចំនួន១០២២គ្រួសារ ស្មើនឹង២៨០៦ប័ណ្ណ ដោយបានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត លោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជម្រាបជូនពីការងារចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋទាំង០៣ភូមិរួចមក លោក ម៉ៅ ធនិន បានថ្លែងថា ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី០៣ភូមិ  គឺភូមិក្តីឈ្នួល ក្នុងឃុំត្រពាំងជង ភូមិចំបក់មាស និងភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកាននាពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។

លោកបានរំលឹកថា ជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋនៅក្នុងតំបន់ខ្លះ មិនដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីនោះទេ កត្តានេះវាមានមូលហេតុជាច្រើន ពិសេសសង្រ្គាម ទើបតែសម័យបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ ដោយបញ្ឈប់ និងលើកលែង លើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ដល់អ្នកជាប់សាច់ញាតិបង្កើត និងតម្លៃសេវាផ្សេងទៀត ដែលទទួលបានការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ពីប្រជាពលរដ្ឋ។ ជាក់ស្តែងប័ណ្ណកម្មសិទ្ធិនេះ គឺជាមាសប្រាក់ និងជាកេរ្តិ៍មរតកតកូនតចៅរបស់សម្តេចតេជោ ហេតុនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដីនោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ។

លោកបានរំលឹកថា នៅសល់តែ១៨ថ្ងៃទៀតទេ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដូចនេះសូមបងប្អូនត្រូវថែរក្សាឯកសារពាក់ព័ន្ធ នឹងការបោះឆ្នោតឱ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ទៅតាមឆន្ទះរបស់ខ្លួន។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានប្រគល់ជូនប័ណ្ណកម្មដីធ្លីជានិម្មិតរូបជូនប្រជាពលរដ្ឋ ១០គ្រួសារ និងបានចាត់ឲ្យក្រុមការងារបន្តចែកជូនប័ណ្ណ ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ៕