(ភ្នំពេញ)៖ បន្ទាប់ពីទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃនោះ, នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងវិលត្រលប់មកដល់ប្រទេសកម្ពុជា​​វិញ។

ការវិលត្រលប់​របស់សម្ដេចតេជោ ហ៊ុន សែន នឹងមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធជាច្រើន រង់ចាំទទួលសម្ដេច នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញផងដែរ។

សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន ចំនួន ៤លើករួចមកហើយ ក្នុងនោះលើកទី១ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៩។ លើកទី២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០០៤ និងលើកទី៣ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១០ និងលើក ទី៤ ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំអន្តរជាតិនៅប្រទេសចិនចំនួន ៤លើកផងដែរ ក្នុងនោះលើកទី១ អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលលើកទី៤ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ថ្ងៃទី២០-២១ ខែឧសភាឆ្នាំ២០១៤។ លើកទី២ អញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូលរបស់ ប្រធានក្រុមហ៊ុន នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC CEO Summit) នៅទីក្រុងប៉េកាំង ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៤។

លើកទី៣ អញ្ជើញចូលរួមវេទិកាទេសចរណ៍ពិភពលោកម៉ាកាវ ឆ្នាំ២០១៥ នៅម៉ាកាវ និងសន្និសីទពិសេសស្តីពី គណបក្សនយោបាយអាស៊ី ស្តីពីផ្លូវសូត្រ នៅប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥ និងលើកទី៤ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលមេគង្គ ឡានឆាង លើកទី១ នៅទីក្រុងសានយ៉ា និងវេទិកាប៊ូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ២០១៦ នៅទីក្រុងប៊ូអាវ ខេត្តហៃណាន ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦៕