(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ៥០,០០០ដុល្លារ ដល់ក្រុមបាល់ទាត់សូលទីឡូអង្គរ ដែលជាក្លិបបាល់ទាត់នៅកម្ពុជា របស់កីឡាករខ្សែរប្រយុទ្ធអន្តរជាតិ ជនជាតិជប៉ុន លោក ខេស៊ូខិ ហុងដា ដើម្បីសម្រួលដល់ដំណើរការរបស់ក្លឹបនេះក្នុងឆ្នាំ២០១៧។
បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា ក្នុងសន្និសីទព័ត៌មាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ថា «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលវិនិយោគដោយខ្មែរ១០០ភាករយ ហើយយើងតែងតែប្រកាន់គោលការណ៍«ខ្មែរជួយខ្មែរ» ហេតុដូច្នេះបានជាយើង សម្រេចឧបត្ថម្ភដល់ក្លឹបបាល់ទាត់របស់ខ្មែរមួយនេះ»។
បណ្ឌិត អ៊ឹម សុធារិទ្ធ បានបន្តថា «ក្លឹបសូលទីឡូអង្គរ សម្បូរទៅដោយកីឡាករវ័យក្មេង និងមានសមត្ថភាពខ្ពស់ហើយពិសេសក្លិបនេះទទួលបាន ការជួយជ្រោមជ្រែងពីលោកហុងដា ដូច្នេះកីឡាករ និងក្លឹបនេះអាចមានឱកាសរីកចម្រើនច្រើន»។ ការឧបត្ថម្ភក្លឹបបាល់ទាត់សូលទីឡូអង្គរ គឺជាផ្នែកមួយនៃការជួយលើកស្ទួយវិស័យកីឡាកម្ពុជា ដែលកន្លងមកក្រុមហ៊ុនបានចូលរួមយ៉ាងសកម្ម។
បណ្ឌិត អ៊ឹម សុធារិទ្ធ បានបញ្ជាក់ថា កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភការរៀបចំការប្រកួតកីឡាអុកខ្មែរ និងល្បុក្កតោនៅអង្គរសង្រ្កាន្ត ការប្រកួតកីឡានានា នៅក្នុងបុណ្យទន្លេ បុណ្យសមុទ្រ និងការរៀបចំការប្រកួតកីឡាជាតិចំនួនបួនលើក នៅឆ្នាំ២០១៦ ២០១៨ ២០២០ និង២០២២ ដើម្បីឲ្យកម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គ៊េមនៅឆ្នាំ២០២៣ ការប្រកួតជម្រុះនេះឆ្ពោះទៅរកពាន់រង្វាន់បាល់ទាត់ ពិភពលោកការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ និងការប្រកួតកីឡាគុនខ្មែរជាច្រើនទៀត៕