(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ចើញបើកការដ្ឋានជួសជុល និងត្រៀមក្រាលកៅស៊ូនៅពេលខាងមុខ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ នៅបរិវេណព្រះវិហារឌឺរុលហីឌឺរយាស កំណាត់ផ្លូវលំមួយខ្សែ ដែលតភ្ជាប់ពីផ្លូវកៅស៊ូ ក្នុងភូមិរលាប ទៅកាន់ផ្លូវកែង ក្នុងភូមិព្រៃឱម៉ាល់ ឆ្លងកាត់ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានប្រវែង៤២០០ម៉ែត្រ និងទទឹងទៅតាមទីតាំងជាក់ស្តែង អនុវត្តន៍គម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
លោក ម៉ៅ ធនិន បានបន្តថា ខ្សែផ្លូវវត្តទួលវែង មានប្រវែងសរុប៩៧០០ម៉ែត្រ ជាក់ស្តែងផ្លូវលំដែលត្រូវជួសជុលក្រាលគ្រួសក្រហមប្រវែង៤២០០ម៉ែត្រ និងទទឹងទៅតាមទីតាំងជាក់ស្តែង ចាប់ពីផ្លូវកៅស៊ូ ភូមិរលាប ទៅកាន់ផ្លូវកែង ក្នុងភូមិព្រៃឱម៉ាល់ ឆ្លងកាត់ភូមិអូរថ្កូវដែលបានបើក ការដ្ឋានស្ថាបនានាពេលនេះ អនុវត្តន៍គម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់រលាបសម្រាប់ធ្វើចរាចរណ៍និងដឹក ជញ្ជូន កសិផលទៅកាន់ទីផ្សារ ហើយនៅពេលដែលពង្រីកតួផ្លូវ និងក្រាលគ្រួសក្រហមរួចរាល់ហើយលោកនឹងរៀបចំចាក់កៅស៊ូជូនបន្តទៀត។
លោកអភិបាលខេត្ត លើកឡើងថា កត្តាដែលសំខាន់នោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ហើយមានការប៉ះពាល់របង និងផលដំណាំបន្តិចបន្តួច មេត្តាបើកបេះដូងឲ្យទូលាយ និងចូលរួមដោយស្មោះស្ម័គ្រ ដើម្បីយើងទទួលបានផ្លូវលំដ៏ល្អនេះជាប្រយោជន៍រួម និងបានប្រើប្រាស់ទាំងអស់គ្នា។
លោកអភិបាលខេត្ត បន្ថែមថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធិផលនានាជាច្រើន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់លលកស ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ គឺជាការតបស្នងទៅនឹងគុណបំណាច់ដែល បានគាំទ្រសម្តេចបន្តដឹកនាំប្រទេស។
លោកអភិបាលខេត្ត បានជម្រាបជូនទៀតថា ក្នុង២០១៦-២០១៧នេះ ខេត្តពោធិ៍សាត់ទទួលបានផ្លូវកៅស៊ូ១០ខ្សែ មានប្រវែង១២៥,៥គីឡូម៉ែត្រ ដែលបាននឹងកំពុងធ្វើការស្ថាបនា និងផ្លូវជាតិលេខ៥៥មួយខ្សែទៀត មានប្រវែងជិត២០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិ៥ ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ ដែលសម្រេចក្រាលកៅស៊ូ បាន៧៨%ហើយ។
លោកម៉ៅធនិន បានរំលឹកថា នៅសល់តែ១៨ថ្ងៃទៀតទេ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដូចនេះសូមបងប្អូនត្រូវថែរក្សាឯកសារ ពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានត្រឹមត្រូវ និងសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ទៅតាមឆន្ទះរបស់ខ្លួន។
លោកអភិបាលខេត្ត បានបន្តចុះសំណេះសំណាល និងចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋភូមិពោធិ៍តាគួយ ៨ប័ណ្ណ និងភូមិព្រែកស្តី៣១ប័ណ្ណ សរុបចំនួន៣៩គ្រួសារ ក្នុងសង្កាត់លលស ក្រុងពោធិ៍សាត់ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋយើងទទួលបាននូវ សិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ឲ្យស្របច្បាប់ផងដែរ៕