(បន្ទាយមានជ័យ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានពន្យល់ពីហេតុផលសមស្រប ជូនសកម្មជនគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលគណបក្សប្រជាជនកម្ពុជា សាកសមនឹងបន្តជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតសភាគ្រប់អាណត្តិទាំងអស់ ព្រោះគណបក្សប្រជាជនជាអ្នកកសាងប្រទេស។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោក និងលោក អ៊ី ឡុង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។
លោក អូស្មា ហាស្សាន់ បានផ្តាំផ្ញើដល់សកម្មជនទូទាំងខេត្តដែលបានចូលរួមថា «យើងត្រូវឈរនៅលើគុណធម៌ ឆន្ទៈ បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពារតស៊ូដោះស្រាយរាល់កង្វល់ របស់សហគមន៍»។
លោកបញ្ជាក់ថា ការកសាងប្រទេសពីបាតដៃទទេ និងការលះបង់ឈាមស្រស់របស់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និងការរីកចម្រើននូវសមិទ្ធផលនានា គ្រប់វិស័យដុះដាលទូទាំងប្រទេស ហេតុនេះការតបស្នងសងគុណ ដែលសាកសមបំផុត គឺមានតែការបន្តគាំទ្របោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោតហើយ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតសភា នៅឆ្នាំ២០១៨នេះផងដែរ។
គួរបញ្ជាក់ថា នេះជាខេត្តចុងក្រោយបង្អស់ ដែលថ្នាក់ដឹកនាំ សមាជិក សមាជិកា ថ្នាក់កណ្តាល នៃគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានចេញយុទ្ធនាការប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពតាមខេត្ត និងមូលដ្ឋាន ក៏ដូចជាការជួបសំណេះសំណាល ជាមួយសមកម្មជនគណបក្សប្រជាជនកម្ពុជា ដែលជាសាសនិកឥស្លាម ដោយមានកិច្ចសហការល្អ ជាមួយមន្ទីរគណបក្សរាជធានី និងខេត្តនានា។
សូមជម្រាបថា ពិធីប្រកាសសំណេះសំណាលនានា ត្រូវបានធ្វើឡើង នៅមន្ទីរគណប្សប្រជាជនកម្ពុជា ផ្តើមចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បន្ទាប់មក ក៏បានបែងចែកថ្នាក់ដឹកនាំ ទទួលបន្ទុកចុះជួបតាមខេត្តនានា រហូតចប់យុទ្ឋនាការដោយជោគជ័យត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ៕