(ភ្នំពេញ)៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍ រស់នៅប៊ូឌីញ «ស» ចំនួន៣៦៧គ្រួសារ ស្មើនឹង ៧៤.៤៤% បានទៅចុះកិច្ចសន្យាទិញ-លក់ លំនៅឋានរបស់ខ្លួនឲ្យទៅក្រុមហ៊ុន Arakawa របស់ជប៉ុន នៅក្រសួងរៀបចំដែនដី បន្ទាប់ពីយល់ព្រមលក់ក្នុងតម្លៃ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពោលគឺនៅសល់តែជាង២០% ទៀតប៉ុណ្ណោះ។

ក្រោមកិច្ចសម្របសម្រួលជាលើកចុងក្រោយ​ របស់លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ តំណាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» បានព្រមព្រៀងគ្នាទិញ-លក់ ក្នុងតម្លៃ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដើម្បីជាថ្នូរនឹងការចាកចេញរបស់ពួកគាត់។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Arakawa ក៏បានជួយចេញថ្លៃក្នុងមួយគ្រួសារ ១០០ដុល្លារ ថែមទៀត ដើម្បីសម្រួលដល់ការរុះរើសម្ភារនានា ចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ។ សម្រាប់ការរុះរើនេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានបញ្ជាក់ថា នឹងអនុវត្តឡើងចាប់ពីខែមិថុនា ឆ្នាំ២០១៧ ខាងមុខតទៅ។

សូមជម្រាបថា អគារប៊ូឌីញ «ស» មានទំហំសរុបចំនួន ៤៩៣ឯកតា មានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ មានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa ធ្វើការសិក្សាពីលក្ខណៈបច្ចេកទេស ដើម្បីអភិវឌ្ឍអគារដ៏ចំណាស់មួយនេះ ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕