(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវ ១ខ្សែ ប្រវែង ១៦គីឡូម៉ែត្រ លូមូលកាត់ទទឹងផ្លូវចំនួន ៤កន្លែង និងស្ពានបេតុងចំនួន ២កន្លែង ប្រវែង ៥៤ម៉ែត្រ ស្ថិតនៅក្នុងឃុំអូរម្រេះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក ម៉ុម សារឿន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាក ក្ដីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ និងបានខិតខំដោះស្រាយរាល់ការលំបាកផ្សេងៗ ព្រមទាំងជំរុញល្បឿន នៃការភិវឌ្ឍ ប្រទេសជាតិ ឈានឆ្ពោះទៅកាន់ភាពរីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។
អភិបាលខេត្តរូបនេះ បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងលូ ដែលបើកការដ្ឋានស្ថាបនានាថ្ងៃនេះ គឺសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា ទាំងក្នុងខេត្ត ក្រៅខេត្ត ភ្ញៀវជាតិ-អន្តរជាតិ និងស្របតាមគម្រោងអភិវឌ្ឍន៍របស់ខេត្ត ស្រុក ជាពិសេសគឺអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
បើតាម លោក ម៉ុម សារឿន គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងធានាបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនជាតិ និងប្រជាជន ហើយជាក់ស្តែងដូចជាស្រុកសៀមបូក រាជរដ្ឋាភិបាលបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានដូចជាផ្លូវកៅស៊ូ ស្ពាន លូ និងមានប្រព័ន្ធទឹកស្អាត សាលារៀន មន្ទីរពេទ្យ និងមានសមិទ្ធផលផ្សេងៗជាច្រើនទៀត ដើម្បីបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហើយជាពិសេសក្នុងខេត្តស្ទឹងត្រែងនេះ គឺមានវារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាពសរុប ៤០០មេហ្គាវ៉ាត់ នឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០១៨ ខាងមុខនេះ គឺជាមូលដ្ឋានដ៏ចម្បងក្នុងការបញ្ចុះ ថ្លៃអគ្គិសនីជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕