(ស្ទឹងត្រែង)៖ ឧកញ៉ាថៃ ដែលគេស្គាល់ថាគឺជាឈ្មួញរកសុីឈើ ដ៏ល្បីល្បែងមួយរូប នៅមុនសម្ដេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យបង្ក្រាបជំនួញឈើប្រណីតនាំចេញទៅប្រទេសវៀតណាម នាដើមឆ្នាំ២០១៥នោះ ក្រោយមកក៏បានបាត់មុខបាត់ឈ្មោះឈឹង ដោយគេសនិដ្ឋាន ថាឧកញ៉ាជាឈ្មួញឈើរូបនេះ បានលាចាកពិភពគុណ នៃបទល្មើសនេះទៅហើយ តែការសនិដ្ឋានពីមជ្ឈដ្ឋានមួយចំនួននោះ បែរជាខុសស្រឡះ ក្រោយពីសមត្ថកិច្ចចំរុះខេត្តស្ទឹងត្រែង ដឹកនាំបញ្ជាដោយលោកព្រះរាជអាជ្ញារងមួយរូប បានចុះទៅឡោមព័ទ្ធ និងឆែកឆេរទីតាំងស្តុកឈើប្រណីតសំរាប់នាំចេញទៅប្រទេសវៀតណាម នៅកណ្ដាលក្រុងស្ទឹងត្រែងមួយកន្លែង រកឃើញឈើប្រណិតរាប់រយដុំរួចមក ក៏ធ្លាយដំណឹងថា ផ្ទះស្តុកឈើនោះគឺជារបស់ឧកញ៉ាថៃតែម្ដង។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ សមត្ថកិច្ចចម្រុះមួយក្រុមរួមមាននគរបាលសេដ្ឋកិច្ច អាវុធហត្ថ និងមេព្រៃខេត្តបាននាំគ្នាទៅឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែងដោយសង្ស័យថា ជាកន្លែងស្តុកឈើប្រណិតសំរាប់នាំចេញទៅប្រទេសវៀតណាម ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លុះព្រឹកឡើងទើបសុំដីកាពីព្រះរាជអាជ្ញាចូលឆែកឆេរដោយគេ រកឃើញមានកំណាត់ឈើប្រណីតប្រភេទធ្នង់រាប់រយដុំ រថយន្តសាំយ៉ុងសំរាប់ដឹកជញ្ជូន ចំនួន៣គ្រឿង និងរថយន្តកាមរីមួយគ្រឿង ដោយក្នុងនោះរថយន្តសាំយ៉ុងមួយគ្រឿង មានផ្ទុកឈើពេញនៅឡើយ ខណៈកម្មករយាមផ្ទះ និងលើកដាក់ជាច្រើននាក់ទៀតត្រូវ បានអ្នកជិតខាងអះអាងថា បានផ្លោះរបងរត់ចេញតាមក្រោយបាត់អស់ទៅ។
តាមលោក អ៊ុង សំអឿន មេភូមិកណ្តាលបានប្រាប់សមត្ថកិច្ចថា ផ្ទះនោះជារបស់ឧកញ៉ាថៃ ហើយត្រូវបានជួលឲ្យបុរសម្នាក់ឈ្មោះ ណារិទ្ធ រស់នៅក្នុងស្រុកសៀមបូក។ ប៉ុន្តែក្រោយមកលោកថាឈ្មោះ ណារិទ្ធ នោះគឺជាអ្នកមើលការខុសត្រូវ នៅក្នុងផ្ទះជំនួសឲ្យ ឧកញ៉ាថៃទៅវិញ។ ដូច្នេះបានធ្វើអោយគេសនិដ្ឋានថាឧកញ៉ាថៃ សង្ស័យនៅពាក់ព័ន្ធជាមួយ ជំនួញឈើប្រណីតដដែរ បើទោះបីជាលោក មិនបានចេញមុខ ចេញមាត់រកសុីឈើ ដូចមុនក៏ដោយក៏អាចនៅ ពីក្រោយខ្នងបញ្ជា អោយកូនចៅរកសុីដែរ ព្រោះប្រសិនបើលោកពិត ជាឈប់រកសុីមែន និងមិនចង់អោយមានឈ្មោះពាក់ព័ន្ធ នៅក្នុងជំនួញឈើល្មើសច្បាប់តទៅទៀត គឺលោកមិនជួលផ្ទះអោយគេរកសុី ស្តុកឈើល្មើសច្បាប់បែបនេះនោះទេ។ដោយឡែកនៅថ្ងៃទី១៧ ខែឧសភានេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទងសុំការ បំភ្លឺពីឧកញ៉ាថៃបានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ធ្វើការទាក់ទង។
គេនៅចាំបានថាកាលពីដើមឆ្នាំ២០១៥ ក្រោយសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីចេញបទបញ្ជាអោយបង្ក្រាប បទល្មើសឈើប្រណីត នាំចេញទៅប្រទេសវៀតណាមនោះ ឧកញ៉ាថៃក៏មានឈ្មោះជាឈ្មួញឈើប្រណីតមួយរូប ក្នុងចំណោមឈ្មួញឈើប្រណីតធំៗបីបួននាក់នៅ ខេត្តត្បូងឃ្មុំ ដោយបរិវេណភូមិគ្រឹះធ្វើពីថ្មនិងឈើប្រណីត ដ៏ធំរបស់លោកនៅក្បែរទីរួមស្រុកអូររាំងឪ ត្រូវបានគណៈកម្មការរកឃើញមានឈើ ហ៊ុប ឈើអារប្រណីតៗ រាប់រយ រាប់ពាន់ម៉ែត្រគូបរហូតដល់មាន អ្នកលួចដុតចោលបំបាត់ភស្តុតាងទៀតផង តែរហូតមកដល់ពេលនេះ ឧកញ៉ាថៃ នៅតែរួចខ្លួនពីសំណាញ់ច្បាប់ដដែរ៕