(តាកែវ)៖ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស របស់គណបក្សកាន់អំណាច លោក ពេជ សោភ័ន បានថ្លែងថា រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានខិតខំគ្រប់បែបយ៉ាងដើម្បីស្វែងរក និងផ្តល់នូវសន្តិភាពផ្លូវកាយ ជូនប្រជាពលរដ្ឋគ្រប់គ្នា ចំណែកសន្តិភាពផ្លូវចិត្ត មិនអាចនរណាផ្ដល់ឲ្យយើងម្នាក់ៗ ក្រៅពីខ្លួនយើងបានឡើយ។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយ អនុប្រធានក្រុម និងប្រធានក្រុមរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សន្តិភាពផ្លូវកាយ រាជរដ្ឋាភិបាល សម្ដេចតេជោ បានខិតខំតស៊ូរកផ្ដល់ឲ្យយើងបានហើយ ប៉ុន្តែសន្តិភាពផ្លូវចិត្តមិនអាចអ្នកណាផ្ដល់ឲ្យយើងក្រៅពីខ្លួនយើងបានឡើយ។ ទុក្ខបណ្ដាលមកពីដំណើរវិវត្តន៍ផ្លូវចិត្តនៃការចង់បាន បើយើងមិនព្រមជម្រុះឫសគល់នៃទុក្ ខដែលជាអកុសលមូល ( លោភៈ, ទោសៈ, មោហៈ ) ធ្វើម្ដេចយើងអាចមានសេចក្ដីសុខ មានសន្តិភាពផ្លូវចិត្តបាន»។
លោក ពេជ សោភ័ន បានបន្ថែមថា សន្តិភាពរបស់ប្រទេសកម្ពុជា ត្រូវបានស្វែងរកមកយ៉ាងលំបាកបំផុត ហើយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នឹងខិតខំថែរក្សាសន្តិភាពនេះ ជូនប្រជាពលរដ្ឋជានិច្ច។ លោក ពេជ សោភ័ន ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពដែលមានសព្វថ្ងៃ ហើយប្រឆាំងចំពោះជនទាំងឡាយ ដែលព្យាយាមបង្កអសន្តិសុខ ជាពិសេសអ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពរបស់កម្ពុជាផងដែរ៕