(ប៉េកាំង, ចិន)៖ លោក ស៊ី ជិនពីង ប្រធានាធិបតី បានថ្លែងឲ្យដឹងថា ភរិយា និងកូនរបស់លោកសុទ្ធតែចង់មកលេងប្រាង្គ ប្រាសាទអង្គរវត្ត ខណៈដែលភ្ញៀវទេសចរចិនចូលមកលេងកម្សាន្តនៅកម្ពុជា រំពឹងកើនដល់ ២លាននាក់នៅឆ្នាំ២០២០។

ការថ្លែងបញ្ជាក់របស់ប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។

បើតាមលោក ស៊ី ជិនពីង ការទាក់ទាញភ្ញៀវទេសចរចិនមកលេងកម្ពុជានេះ ក៏ដោយសារកម្ពុជាមានប្រាង្គប្រាសាទ ដ៏ល្បីល្បាញ។ រាជរដ្ឋា ភិបាលកម្ពុជា តែងរំពឹងថា ទទួលបានភ្ញៀវទេសចរណ៍កាន់តែច្រើនមកលេងកម្សាន្តនៅកម្ពុជា ព្រោះតាមរយៈអ្នកទេសចរនេះ នឹងផ្តល់ចំណូលបានកាន់តែច្រើនដល់ប្រជាពលរដ្ឋកម្ពុជា៕