(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនទាហានជើងទឹក ដែលកំពុងឈរជើងនៅមូលដ្ឋានសមុទ្ររាម ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងរដូវវស្សានេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយការយក ចិត្តទុកដាក់ចង់ដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ពដែលខិតខំបំពេញ ភារកិច្ចការពារជាតិមាតុភូមិ។
កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី បានលើកឡើងថា ឪពុករបស់ខ្លួន ជាមេដឹកនាំដែលធ្លាប់បានឆ្លងកាត់ជីវិត ជាកងទ័ពតាំងពីនៅក្មេង តស៊ូក្នុងព្រៃជួបការ លំបាកគ្រប់បែបយ៉ាង ដូច្នេះលោកយល់យ៉ាងច្បាស់ពីជីវិតរស់នៅរបស់កងទ័ព សម្តេចក៏បានផ្តាំផ្ញើ ឲ្យយកចិត្តទុកដាក់ចែកជូនអាវភ្លៀង ឲ្យបានដល់ដៃយុទ្ធជនគ្រប់ៗគ្នា។
លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ មូលដ្ឋានសមុទ្រ ជួសមុខឲ្យមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង ពលនាវិកទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ពី សុខទុក្ខរបស់បងប្អូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដូចជាការបន្ថែម ប្រាក់ហូប ផ្តល់ជូនអាវភ្លៀងក្នុងរដូវវស្សា អាវរងារក្នុងរដូវត្រជាក់ និងក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ ព្យាបាលជំងឺជូនកងទ័ព និងក្រុមគ្រួសារកងទ័ពដល់ទីតាំងឈរជើងជាដើម។
លោកឧត្តមនាវីឯក អ៊ុក សីហា បានបន្តថា ទាហានជើងទឹកទាំងអស់ប្តេជ្ញាស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ និងប្រជាជនគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿន ឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ៕