(ភ្នំពេញ)៖ ស្ត្រីចំណាស់ម្នាក់បានអះអាងថា គាត់គឺជាអតីតតារាចម្រៀង នៅទស្សវត្សរ៍ឆ្នាំ១៩៧០ ដែលមានបងប្រុសជាតន្រ្តីករឈ្មោះ ហង្ស សាខន និងត្រូវជាមីងបង្កើតរបស់តារាចម្រៀង ហង្ស សុជាតា ផងដែរ។
នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ស្រ្ដីខាងលើ និងចៅស្រី បានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីស្វែងរកសប្បុរសជន ឲ្យជួយគាត់ផង ដោយក្នុងស្ថានភាពមើលទៅគួរឲ្យអាណិតអាសូរខ្លាំងណាស់។ ស្ដី្រចំណាស់រូបនេះ បាននិយាយថា រហូតមកដល់បច្ចុប្បន្ននេះ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ គ្មានប្រាក់ព្យាបាល មានជីវភាពខ្វះខាត រកអង្ករច្រកឆ្នាំងគ្មាន ជាពិសេសគ្មានទីជម្រកថែមទៀត សុំឲ្យសប្បុរសជនជួយគាត់ផង។
ស្រ្តីរូបនេះបានឲ្យដឹងថា គាត់ឈ្មោះ ហង្ស ស៊ីថា អាយុ៦២ឆ្នាំ ជាអតីតតារាចម្រៀង។ គាត់មានជម្ងឺទឹកនោមផ្អែម ខូចក្រលៀន និងតម្រងនោម និងសួតយ៉ាងធ្ងន់ធ្ងរ។ គាត់មានប្ដីឈ្មោះ វ៉ាន់ ស៊ីវុត្ថា (ស្លាប់) ជាតន្ត្រីករ កាន់ហ្គីតាសូឡូ ដែលគាត់ និងប្ដី គឺជាអ្នកចម្រៀង និងជាតន្ត្រីករ តាំងពីពីទស្សវត្សរ៍ឆ្នាំ១៩៧០ រហូតមកដល់អំឡុងឆ្នាំ២០០០។
គាត់រម្លឹកថា កាលពីសង្គមរាស្រ្តនិយម គាត់ជាអ្នកចម្រៀងប្រចាំកងពលតូចលេខ២៣ និងកងពលធំលេខ៦ នៅកំបូល ហើយពេលជំនាន់ប៉ុលពត គាត់ក៏ត្រូវអង្គការឲ្យច្រៀងដែរ។ ក្រោយរបបប៉ុលពតដួលរលំ គាត់បានភៀសខ្លួនទៅនៅជំរុំណងច័ន្ច ហើយក្រោយមកទៀត បានមករស់ក្នុងខេត្តបន្ទាយមានជ័យ។
បន្ទាប់មកទៀត ត្រូវបានតារាកំប្លែងជី វ៉ាន់ស៊ុយ នាំមកច្រៀងនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះគាត់និងប្ដីធ្លាប់ ជាអ្នករួមក្រុមជាមួយលោកគ្រូភ្លេង ស្វាយ សរ ដែលជាតន្ត្រីករជើងចាស់ផងដែរ។ គាត់មកភ្នំពេញរស់នៅផ្ទះ ជួលគ្មានផ្ទះខ្លួនឯង ស្នាក់នៅទេ ហើយក្រោយមក ប្ដីគាត់បានស្លាប់ចោលគាត់ បានរស់នៅជាមួយកូនប្រុស២នាក់ កូនប្រុស២នាក់នោះ សុទ្ធតែជាមនុស្សអត់បានការទាំងអស់ មិនដែលគិតគូរដល់គាត់ឡើយ។
កូនប្រុសគាត់ម្នាក់ឈ្មោះ សុខ រ៉ាក់ មានប្រពន្ធមានកូនហើយ ប៉ុន្តែបានកូន១ ត្រូវប្រពន្ធរត់ចោល បន្ទាប់មកនៅអាវាសែ នៅឯប៉ោយប៉ែតបាត់ ដោយបានទុកកូនស្រី ឲ្យគាត់ចិញ្ចឹម ដែលពេលនេះនាងមានអាយុ១០ឆ្នាំហើយ ចំណែកកូនប្រុសម្នាក់ទៀតឈ្មោះ សុខ សេរី មានប្រពន្ធរស់នៅក្នុងខេត្តកំពត មិនដែលមកជិតគាត់ទេ ទោះបីដឹងថា គាត់ឈឺធ្ងន់ក៏ដោយ ហើយគាត់បានដាច់ចិត្តមកសុំលុយតែ៥ម៉ឺនរៀល ក៏មិនឲ្យផង។
ស្រ្ដីចំណាស់ ហង្ស ស៊ីថា បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះគាត់ រស់រានដោយសារតែមានអ្នកជិតខាងឲ្យហូបទេ ដោយជួនកាលបើគេមិនឲ្យ ក៏គ្មានអីហូបដែរ ដូច្នេះគាត់មានតែម្រាមដៃដប់ សំពះសុំឲ្យសប្បុរសជនជួយផង៕