(ភ្នំពេញ)៖ ក្មេងវ័យជំទង់៣នាក់ បានសុំម្តាយទៅទិញខោអាវស្លៀកពាក់ នៅផ្សារដំបូលខៀវ ពេលជិះម៉ូតូមកទិញ ឆ្លៀតនាំគ្នាចូលផឹក ទឹកត្នោតជូរ មួយកន្លែង ស្រាប់តែលេចមុខក្រុមក្មេងទំនើងចំនួន០៥នាក់ ជិះម៉ូតូ២គ្រឿង មកកាប់ចាក់ទៅលើពួកគេ បណ្តាលឲ្យរងរបួស ធ្ងន់ម្នាក់ ដេរអស់២០ថ្នេរ ភ្លាមៗនោះត្រូវកម្លាំងនគរបាល បានឃាត់ខ្លួនជនបង្ក២នាក់ ខណៈបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់អស់។
ហេតុការភ្ញាក់ផ្អើលមួយនេះ បានកើតនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅម្តុំរោងលក់ទឹកត្តោតជូរមួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នាយប៉ុស្តិ៍ស្តីទីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យ ទី១៖ឈ្មោះ ស្តី ទីណា ហៅសីហា អាយុ១៩ឆ្នាំ មុខរបរដឹកក្រណាត់ រោងចក្រ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ស្រុកកំណើតនៅខេត្តព្រៃវែង ទី២៖ ឈ្មោះ អួន ឡន អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់កន្លែងធ្វើការ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិព្រែកអំបិលឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្តាល រីឯជនរងគ្រោះ ឈ្មោះ វេង សុធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
មន្ត្រីនគរបាលដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ខាងលើ បានសុំម្តាយទៅទិញសំលៀកបំពាក់ នៅឯផ្សារដំបូលខៀវ រួចហើយពួកគេក៏បានជិះម៉ូតូមួយគ្រឿង ចេញមកពីផ្ទះលុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបាននាំគ្នាចូលទៅ ផឹកទឹកត្នោតជូរសិន មុននឹងទិញសំលៀកបំពាក់ ខណៈកំពុងអង្គុយផឹកស៊ីបានមួយសន្ទុះ ស្រាប់តែលេចមុខក្រុមជនបង្កមានគ្នា៥នាក់ ជិះម៉ូតូ០២គ្រឿង ចូលមកកាប់ លើជនរងគ្រោះរបួសម្នាក់ ត្រូវមួយដាវចំក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះសមត្ថកិច្ចចុះ ទៅអន្តរាគមន៍ ចាប់បានជនសង្ស័យ០២នាក់ និងបក្ខពួក០៣នាក់ ផ្សេងទៀតបានរត់គេចខ្លួនបានស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួន ជនបង្កមកប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីសួរនាំនិងចាត់ការតាមផ្លូវច្បាប់៕