(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំ តាមបណ្តាអគ្គនាយកដ្ឋាន ពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច ចូលរួមកិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាង ឯកសារយុទ្ធសាស្រ្ត កែទម្រង់ប្រព័ន្ធថវិកាកម្ពុជាឆ្នាំ២០១៧-២០២៥ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។

ឯកសារយុទ្ធសាស្រ្តថ្មីនេះ គឺជាឯកសារកំណត់នូវយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវ ដើម្បីសម្រេចបាននូវគោលដៅនៃការកែទម្រង់ប្រព័ន្ធថវិកា ផ្អែកលើព័ត៌មានសមិទ្ធកម្មត្រឹមឆ្នាំ២០២៥។ ការរៀបចំការកែទម្រង់ប្រព័ន្ធថវិកាផ្អែកលើព័ត៌មានសមិទ្ធកម្មនេះ ក្នុងបំណងប្រែក្លាយថវិកាជាតិ ឲ្យទៅជាឧបករណ៍កាន់តែមានប្រសិទ្ធភាព ដើម្បីបម្រើឲ្យការអភិវឌ្ឍន៍របស់ប្រទេស ជាពិសេសឆ្ពោះសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

ឯកសារយុទ្ធសាស្រ្តថ្មីនេះ នឹងធ្វើឱ្យមានសុខដុមនីយកម្ម នៅក្នុងការធ្វើកំណែទម្រង់ នៃប្រព័ន្ធថវិកាថ្នាក់ជាតិ និងប្រព័ន្ធថវិការបស់រដ្ឋបាល នៅថ្នាក់ក្រោមជាតិ ទាំងក្នុងដំណាក់កាលនៃការធ្វើផែនការ យុទ្ធសាស្រ្តថវិកា និងទាំងក្នុងដំណាក់កាលនៃវដ្តថវិការួមមាន៖ ផែនការនិយ័តកម្ម, ការរៀបចំ, ការអនុម័ត, ការអនុវត្ត និងត្រួតពិនិត្យ ព្រមទាំងការតាមដាន និងវាយតម្លៃ។ ឯកសារយុទ្ធសាស្រ្តថ្មីនេះ ក៏រួមបញ្ចូលទាំងការធ្វើកំណែ ទម្រង់សវនកម្មផ្ទៃក្នុង និងសវនកម្មផ្ទៃក្រៅ។ ក្នុងន័យនេះឯកសារយុទ្ធសាស្រ្តថ្មីនេះ នឹងពង្រីកសមិទ្ធផល នៃការកែទម្រង់ដែលសម្រេចបាននៅដំណាក់កាលទី១ និងទី២ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

សេចក្តីព្រាងឯកសារយុទ្ធសាស្រ្ត កែទម្រង់ប្រព័ន្ធថវិកាកម្ពុជាឆ្នាំ២០១៧-២០២៥ ត្រូវបានរៀបចំឡើង ដោយផ្អែកលើលទ្ធផល និងបទពិសោធន៍ជាក់ស្តែង ក្នុងការអនុវត្តថវិកាកម្មវិធី ដែលត្រូវបានដាក់ឱ្យដំណើរ នៅក្នុងរយៈពេល ០២ ឆ្នាំ កន្លងមក រួមផ្សំនឹង ទស្សនាទាន, ចំណេះដឹង និងបទពិសោធន៍ ដែលទទួលបាន តាមរយៈដំណើរទស្សនកិច្ចសិក្សា ទៅកាន់បណ្តាប្រទេសជឿនលឿន ជាងកម្ពុជាមួយចំនួន ដែលស័ក្តិសម បំផុតទៅនឹងបរិការណ៍របស់កម្ពុជា ព្រមទាំងគំហើញនិងអនុសាសន៍មួយចំនួន នៅក្នុងរបាយការណ៍ត្រួតពិនិត្យ ការអនុវត្តថវិកាកម្មវិធី។

សេចក្តីព្រាងឯកសារយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាកម្ពុជាឆ្នាំ២០១៧-២០២៥ នេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំរបស់ គណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីធ្វើការពិនិត្យ និងសម្រច មុននឹងដាក់ជូនរាជរដ្ឋាភិបាលធ្វើការពិនិត្យ និងអនុម័តចុងក្រោយ។ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅឆ្នាំ ២០០៤ ជាមួយគោលដៅប្រែក្លាយប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជា ជំហានៗ ឲ្យស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងបទដ្ឋានអន្តរជាតិ។

កម្មវិធី PFMRP ត្រូវបានរៀបចំឡើងជាការងាររយៈពេលវែង មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងចែកចេញជា ៤ ដំណាក់កាល គឺដំណាក់កាលទី១ (២០០៥-២០០៨) ផ្តោតលើការកសាងភាពជឿទុកចិត្តនៃថវិកា; ដំណាក់ កាលទី២  (២០០៩-២០១៤) ផ្តោតលើគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី ៣ (២០១៥-២០២០) ផ្តោតលើការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងដំណាក់កាលទី៤ (២០២១-២០២៥) ផ្តោត សំខាន់លើគណនេយ្យភាពសមិទ្ធកម្ម ៕