(បាត់ដំបង)៖ ដើម្បីពង្រឹងកម្លាំងគៀងគរមហាជនយកឈ្នះ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ដែលនៅតែប៉ុន្មានថ្ងៃទៀតនេះផង និងការបោះឆ្នោតសភា ឆ្នាំ២០១៨ខាងមុខ សកម្មជនគណបក្សប្រជាជនកម្ពុជា ជាបងប្អូនខ្មែរឥស្លាមមកពី៣៦ភូមិ នៃឃុំចំនួន២៣ និងស្រុកចំនួន១១ ទូទាំងខេត្ត មានចំនួន៥៣១នាក់ ដែលជាថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ (មេគុណ) គណៈចលនាសាសនិកឥស្លាមរបស់ CPP ខេត្ត ក្រុង ស្រុក និងភូមិនានា លោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៅក្នុងក្របខណ្ឌ និងកិច្ចសន្យារបស់ក្រសួងអប់រំយុវជន និងកីឡា ទូទាំងខេត្ត បានចូលរួមក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ សម្រួលភារកិច្ច ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណណៈចលនាសាសនិកឥស្លាមរបស់ CPP។
ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមសហអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ជាមួយលោក ឆាយ សារ៉េត សមាជិកគណៈកម្មាធិកាកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
លោក ស៊ូ អារ៉ាហ្វាត ជាប្រធានគណៈចលនាសាសនិកឥស្លាម CPP ខេត្តបាត់ដំបង បានឡើងផ្តល់ចំណាប់អារម្មណ៍ ការប្ដេជ្ញារក្សាសម្លេងឆ្នោតជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការរក្សាកម្លាំងចាស់ និងបង្កើនសមាជិកថ្មី ដោយផ្សះផ្សា សម្របសម្រួលមហាជន នៅសេសសល់មិនទាន់ចូលជាសមាជិកគណបក្សប្រជាជន ឲ្យបានសហការចូលរួមរស់ជាមួយម្លប់ នៃបក្សតែមួយ សុខទុក្ខរួមគ្នា។
ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណអរគុណដល់កម្លាំងសកម្មជន និងសមាសភាពគណៈចលនាសាសនិកឥស្លាម CPP ខេត្តបាត់ដំបង ដែលបានគៀងគរឲ្យមហាជនរបស់ខ្លួនភាគច្រើន បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនកម្ពុជា នៅតែជាមេដឹកនាំដឹកនាំប្រទេស ដែលរួមសុខរួមទុក្ខជាមួយគ្នារហូតបានទទួលនូវ ភាពចម្រុងចម្រើន សន្តិភាព និងកក់ក្តៅជាទីបំផុត។
លោកប្រធានគណៈចលនា បានក្រើនរំលឹកថា សូមកុំញញើត ឬចាញ់បោកនូវការសន្យាអះអាង បែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង ខណៈដែលកន្លងមករហូតបច្ចុប្បន្ន មិនទាន់មានអ្នកណាបានសាងនូវស្នាដៃបន្តិចណា ជូនសហគមន៍ឡើយ ផ្ទុយទៅវិញមានតែការបង្ករផ្គរភ្លៀង និងញុះញង់បង្កចលាចលដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និងសហគមន៍តែប៉ុណ្ណោះ។
ជាក់ស្តែង ការប្រកាសអូតអាងពីការទាមទារសេរីភាពរបស់ពួកគាត់ ខណៈដែលមេដឹកនាំគណបក្សរបស់ពួកគេ គ្មានទាំងដែលស្គាល់អ្វីជាលះបង់ដើម្បីទាមទារសេរីភាព និងសេចក្តីសុខសន្តិភាព ជូនប្រជារាស្ត្របទាល់តែសោះ ផ្ទុយទៅវិញសេរីភាព សុខសន្តិភាព និងភាពចម្រុងចម្រើនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាក ការលះបង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ១គត់។
នៅចុងបញ្ចប់ លោក អូស្មាន ហាស្សាន់ បានប្រគល់រថយន្តមួយគ្រឿង ជូនដល់មជ្ឈមណ្ឌលកីឡាសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តបាត់ដំបង ដើម្បីប្រើប្រាស់ ទ្រទ្រង់វិស័យកីឡាក្នុងស្រទាប់យុវជនផងដែរ៕