(ភ្នំពេញ)៖ ទីបំផុតគណបក្សសង្រ្គោះជាតិ នៅតែរក្សាអនុប្រធានគណបក្សទាំង៣រូបរបស់ខ្លួន ឲ្យនៅដដែលនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយក នាវេលាថ្ងៃត្រង់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។ អនុប្រធានទាំង៣រូបនោះ គឺ លោក ប៉ុល ហំម, លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ដែលធ្លាប់ក្រសួងមហាផ្ទៃ ប្រកាសមិនទទួលស្គាល់ នាពេលកន្លងទៅ។
លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនោះថា បេក្ខភាពអនុប្រធានគណបក្ស មានតែបីនាក់ប៉ុណ្ណោះ ក្នុងនោះមាន លោក ប៉ុល ហំម, លោក អេង ឆៃអ៊ាង និង លោកស្រី មូរ សុខហួរ ហើយពួកគាត់ត្រូវបានគាំទ្រឱ្យធ្វើជាអនុប្រធានរបស់គណបក្ស នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយក។
លោក យឹម សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា៖ «ឥឡូវអនុប្រធានទាំង៣នាក់នេះ បានទទួលការយល់ព្រមពីគណៈកម្មាធិការនាយកជាឯកច្ឆ័ន្ធ។ អញ្ចឹងយើង សូមប្រកាសដល់សាធារណជនជាតិ អន្តរជាតិ ឱ្យបានជ្រាប់ថា ចាប់តាំងពីថ្ងៃនេះទៅ ឯកឧត្តម ប៉ុល ហំម, ឯកឧត្តម អេង ឆៃអ៊ាង និង លោកជំទាវ មូរ សុខហួរ គឺជាអនុប្រធានគណបក្សសង្រ្គោះជាតិ»។
លោក យឹម សុវណ្ណ បានបន្ថែមថា ការរៀបចំជ្រើសតាំងអនុប្រធានទាំង៣នាក់ជាថ្មីម្តងទៀតនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យស្របទៅតាមលក្ខន្តិកៈថ្មី ដែលទើបទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ។ លោកថ្លែងបញ្ជាក់ថា៖ «យើងធ្វើនេះ គឺឱ្យស្របទៅតាមលក្ខន្តិកៈ ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ដូច្នេះគណបក្សសង្រ្គោះជាតិ យល់ឃើញថា នឹងមិនមានអ្វីជាឧបសគ្គ ចំពោះការទទួលស្គាល់អនុប្រធានទាំង៣រូបរបស់គណបក្សនោះទេ»។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ បានសម្រេចទទួលស្គាល់ ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈប្រកា៤៧ថ្មី របស់គណបក្សប្រឆាំង ពាក់ព័ន្ធនឹងការជ្រើសរើសអនុប្រធាន។ លក្ខន្តិកៈថ្មីនេះ គឺគណបក្សប្រឆាំងបានកំណត់ជាថ្មីថា ការជ្រើសរើសអនុប្រធាន នឹងមិនមានកំណត់រយៈពេលនៃការជ្រើសរើស ដូចប្រការ ៤៧ចាស់របស់ខ្លួននោះទេ។
ការទទួលស្គាល់នេះ ធ្វើឡើងបន្ទាប់ពី គណបក្សសង្រ្គោះជាតិ បានរៀបចំសមាជវិសាមញមួយទៀត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដោយសម្រេចកែប្រែ ជាថ្មីម្តងទៀត នូវលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រកា៤៧ថ្មី ស្តីពីការជ្រើសរើសអនុប្រធានគណបក្សរបស់ខ្លួន។
ទោះជាយ៉ាងណា បើតាម លោក យឹម សុវណ្ណ, បន្ទាប់ពីបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សទាំង៣រូប នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយករបស់គណបក្សរួចរាល់ គណបក្សសង្រ្គោះជាតិ នឹងរៀបចំឯកសារជូនដំណឹងជាថ្មីម្តងទៀត ទៅក្រសួងមហាផ្ទៃ៕