(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានណែនាំឲ្យសមាជិកបក្សតាមមូលដ្ឋានទាំងអស់ ត្រូវបង្កើនសមាជិកបន្ថែម និងរក្សាសាមគ្គីផ្ទៃក្នុងឲ្យបានល្អ ដើម្បីបង្ហាញប្រជាពលរដ្ឋថា គណបក្សប្រជាជនកម្ពុជា ពិតជាមានភាពរឹងមាំគួរជឿទុកចិត្តបាន។
លោកដាស់តឿនបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ១,៤៤៦នាក់ ក្នុងនោះ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ពេញសិទ្ធិ និងបម្រុងមានវត្តមានចំនួន ១,២០២នាក់ និងនៅក្នុងពិធីបូកសរុបលទ្ធផល នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការងារពង្រឹងបក្ស និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដំណាក់កាលទី១ និងទិសដៅអនុវត្តដំណាក់កាលទី២-៣-៤។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជដ៏ទៃផ្សេងទៀត ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេស គឺជាអ្នកនាំយកសន្តិភាព និងស្ថិរភាពជូនប្រជាជនទូទៅ ជាពិសេសគឺបានថែរក្សាសន្តិភាព និងស្ថិភាពក្នុងប្រទេសរហូតដល់បច្ចប្បន្ន និងទៅថ្ងៃអនាគតនេះ ជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងក្នុងឱកាសពិធី ជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកាគណបក្ស ប្រជាជនកម្ពុជា មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅទីស្នាក់ការគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ។
ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអង្គពិធីទាំងមូល យកចិត្តទុក្ខដាក់បង្កើនកសាងសមាជិកបក្ស និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត ក្នុងនោះលោក បានក្រើនរំលឹកឲ្យសមាជិកម្នាក់ៗ ទទួលខុសត្រូវខ្ពស់ចំពោះការងារចុះជួយដល់មូលដ្ឋានរៀងៗខ្លួន ដែលទទួលខុសត្រូវ និងរាយការណ៍ពីសភាពការណ៍ផ្សេងៗឲ្យបាន់ទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានឧបត្ថម្ភអំណោយជូនសមាជិក-សមាជិកា មាន៖
* ឧបត្ថម្ភបន្ថែមដល់គណៈកម្មាធិការគណបក្សឃុំ-សង្កាត់ ទាំង៦៥ ក្នុង១ឃុំ-សង្កាត់ ថវិកា២លានរៀល (សរុប ១៣០,០០០,០០០រៀល)។
* ឧបត្ថម្ភគណបក្សភូមិទាំង៦៦៧ភូមិ ក្នុង១ភូមិ ថវិកា២០ម៉ឺនរៀល (សរុប ១៣៣,៤០០,០០០រៀល)។
* ឧបត្តម្ភប្រេងម៉ាស៊ូត និងប្រេងសាំងទាំង៦៥ ក្នុង១ឃុំ-សង្កាត់ បាន២០០លីត្រ (សរុប ១៣០,០០០លីត្រ)។
* ឧបត្ថម្ភអាវ មួក ក្រម៉ា ដល់គ្រប់បេក្ខភាពពេញសិទ្ធិ និងបម្រុង សរុប១,២០២នាក់។
* សមាជិក-សមាជិកា ១,៤៤៦នាក់ ចូលរួមកម្មវិធីក្នុង១នាក់ ថវិកា២ម៉ឺនរៀល និងសារ៉ុង១ ក្រម៉ា១ ផងដែរ៕