(តាកែវ)៖ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានព្រមានដកហូតដំណែងចំពោះប្រធានមន្ទីរ ស្ថាប័ន ទាំងអស់ដែលចំណុះឲ្យរដ្ឋបាលខេត្តតាកែវ រឿងតែងតាំងបក្ខពួក និងបងប្អូនរបស់ខ្លួន ក្នុងដំណែងសំខាន់ៗ។ ការព្រមានរបស់អភិបាលខេត្តតាកែវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៧នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្ដីពីដំណើរការការពារដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដោយមានការចូលរួមពីប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំ និងមេប៉ុស្តិ៍ទូទាំងខេត្ត។
លោក ឡាយ វណ្ណៈ បានថ្លែងបន្តថា កន្លងមានមន្រ្តីនៅតាមមន្ទីរស្ថាប័នមួយចំនួន បានដាក់ពាក្យបណ្ដឹងមកសាលាខេត្ត និងទៅក្រសួងសាម៉ី ដោយប្ដឹងពីប្រធានស្ថាប័ន របស់ខ្លួនពីការដឹកនាំមានភាពមិនប្រក្រតី ជាពិសេសការតែងតាំងមន្រ្តីបក្ខពួកនិយម បញ្ហាមិនប្រក្រតីដែលនាំឲ្យ មន្រ្តីក្រោមឱវាទប្ដឹងប្រធានស្ថាប័នរបស់ខ្លួននេះ ត្រូវបានក្រសួងសាម៉ីធ្វើការដកតំណែងប្រធានមន្ទីរមួយចំនួនផងដែរ។
លោក ឡាយ វណ្ណៈ បានសង្កត់ធ្ងន់ថា «ប្រធានមន្ទីរស្ថាប័ន មិនអាចធ្វើអ្វីតាមតែអំពើចិត្តនោះទេ បើមានការប្ដឹងផ្ដល់ពីមន្រ្តីក្រោមឱវាទថា យើង និងមានវិធានការណ៍យ៉ាងធ្ងន់ធ្ងរ ហើយយើងមិនទុកមនុស្សម្នាក់ ឲ្យស្អុយពេញមន្ទីរនោះទេ ឬខ្ញុំសុខចិត្តឲ្យមន្រ្តីម្នាក់ស្អប់ខ្ញុំ តែខ្ញុំមិនសុខចិត្តឲ្យមន្រ្តី ១០០នាក់ស្អប់ខ្ញុំនោះទេ»។ ការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លង មកមានមន្រ្តីរាជការមួយចំនួន បាននាំគ្នាបោះឆ្នោតឲ្យបក្សដទៃដោយសារតែការ មិនពេញចិត្តប្រធានស្ថាប័នមន្ទីររបស់ខ្លួន។
លោក ឡាយ វណ្ណៈ បានបន្តថា «នេះជាសន្លឹកឆ្នោតព្រមានមួយ ដូច្នោះចាប់ពីថ្ងៃនេះតទៅ ប្រធានមន្ទីរស្ថាប័នត្រូវធ្វើខ្លួនឲ្យមន្រ្តីក្រោមឱវាទគោរព ស្រឡាញ់ចេញពីបេះដូង បើកូនចៅមិនស្រឡាញ់គាំទ្រយើង តើធ្វើម្ដេចឲ្យប្រជាពលរដ្ឋដទៃទៀត ស្រឡាញ់ និងបោះឆ្នោតគាំទ្រយើង»។
បើតាមលោក ឡាយ វណ្ណៈ បញ្ជាក់ថា បន្ទាប់ពីបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់រួចរាល់ លោកនឹងចុះទៅជួបមន្រ្តីរាជការដល់មន្ទីរតែម្ដង ហើយលោកក៏ចង់ឲ្យមានការធ្វើអង្កេត និងវាយតម្លៃពីការដឹកនាំរបស់ប្រធានមន្ទីរ-ស្ថាប័នថាតើ មានការគាំទ្រកម្រិតណា បើមានការគាំទ្រក្រោម ៦០ភាគរយ ប្រធានមន្ទីរ-ស្ថាប័ននោះគួតែលាលែងចេញពីតំណែង៕