(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជំនួបត្រូវបានធ្វើឡើងប្រកបដោយ ភាពស្និទ្ធស្នាលជាទីបំផុត។
ការពង្រីកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិន រួមជាមួយបញ្ហាក្នុងតំបន់ និងបញ្ហាសាកលមួយចំនួនទៀត ត្រូវបានលើកយកមកជជែក នៅក្នុងជំនួបនេះ។ បន្ទាប់ពីជំនួបពិភាក្សាលោកប្រធានាធិបតីចិន ក៏បានរៀបចំពិធីទទួលទានអាហាររួមគ្នាជាមួយសម្តេចតេជោ និងគណៈប្រតិភូផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តើមទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នេះបន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់កម្រងផ្កាវិមានវីរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង។ កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា វីរៈជនរបស់ប្រជាជនចិន ស្ថិតនៅជាអមតៈ។ សម្តេចតេជោ និងគណៈប្រតិភូបានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពជូនចំពោះវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើពលីកម្មសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដី។
បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក យូ ជឹងស៊ឹង ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន នៅសាលប្រជុំហុងកុង នៃមហាវិមានប្រជាជនចិន និងលោក ចាង តេជាំង ប្រធានសភាតំណាង ប្រជាជនចិនទូទាំងប្រទេសនៅសាលប្រជុំនៃមហាវិមានប្រជាជនចិន។
បន្ទាប់មកក៏បានជួបសំណេះសំណាល និងសម្តេការគួរសមជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ចិននេះ បញ្ហាពង្រីក និងពង្រឹងផ្នែកទំនាក់ទំនង និងពាណិជ្ជកម្ម គឺត្រូវលើកយកពិភាក្សាយ៉ាងផុលផុស។
ទាំងចិន និងកម្ពុជា សុទ្ធតែមើលឃើញពីសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ ដែលត្រូវតែយកចិត្តទុកពង្រឹង និងពង្រីកបន្ថែមទៀត។
ក្រោយពីបញ្ចប់កិច្ចពិភាក្សា សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធី សារ និងកិច្ចព្រមព្រៀងចំនួន ៦ចំណុច។
សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន ចំនួន ៤លើករួចមកហើយ ក្នុងនោះលើកទី១ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៩។ លើកទី២ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសាឆ្នាំ២០០៤ និងលើកទី៣ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១០ និងលើក ទី៤ ពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣។
សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំអន្តរជាតិនៅប្រទេសចិនចំនួន ៤លើកផងដែរ ក្នុងនោះលើកទី១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៤ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ថ្ងៃទី២០-២១ ខែឧសភាឆ្នាំ២០១៤។ លើកទី២ អញ្ជើញចូលរួមវេទិកាស្តីពីកិច្ចសន្ទនា ដើម្បីពង្រឹងភាពជាដៃគូការតភ្ជាប់ និងកិច្ចប្រជុំកំពូលរបស់ ប្រធានក្រុមហ៊ុន នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក (APEC CEO Summit) នៅទីក្រុងប៉េកាំង ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៤។ លើកទី៣ អញ្ជើញចូលរួមវេទិកាទេសចរណ៍ពិភពលោកម៉ាកាវ ឆ្នាំ២០១៥ នៅម៉ាកាវ និងសន្និសីទពិសេសស្តីពី គណបក្សនយោបាយអាស៊ី ស្តីពីផ្លូវសូត្រ នៅប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៥ និងលើកទី៤ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលមេគង្គ ឡានឆាង លើកទី១ នៅទីក្រុងសានយ៉ា និងវេទិកាប៊ូអាវសម្រាប់អាស៊ី ប្រចាំឆ្នាំ២០១៦ នៅទីក្រុងប៊ូអាវ ខេត្តហៃណាន ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦៕