(ភ្នំពេញ)៖ កីឡាគុនល្បុក្កតោ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំកាយ​កម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៧-៩) ជាផ្លូវការហើយ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។

លោក វ៉ាត់ ចំរើន បានថ្លែងតាមរយៈសារអេឡិចត្រូនិកថា ការសម្រេចបញ្ចូលគុនល្បុក្កតោក្នុងកម្មវិធីអប់រំកាយនេះ គឺបញ្ចូលក្បាច់ និងស្នៀតមូលដ្ឋាន បូករួមទាំងទ្រឹស្ដីទាក់ទងនឹងប្រវត្តិសាស្ដ្រមួយចំនួន ឲ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ព្រលឹងក្បាច់គុន ដែលជាវប្បធម៌ខ្មែរនេះឲ្យកាន់តែរីកចម្រើន។ យ៉ាងណាមិញការអនុវត្តសៀវភៅអប់រំកាយ ដែលមានវត្តមានគុនល្បុក្កតោនេះ នៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ គឺរង់ចាំការរៀបចំគ្រូបង្គោលរៀបរយសិន។

ប្រធានសហព័ន្ធរូបនេះបន្ដថា «ចំពោះគោលបំណងនៃការដាក់បញ្ចូលក្បាច់គុនល្បុក្កតោទៅក្នុងកម្មវិធីសិក្សានេះ គឺដើម្បីបញ្ជ្រៀបឲ្យសិស្សានុសិស្សស្គាល់ និងចូលរួមថែរក្សា អភិរក្ស ឲ្យដឹងថា នេះគឺជាក្បាច់គុនវប្បធម៌ជាតិ ជាអត្តសញ្ញាណរបស់ជាតិ និងជាដួងព្រលឹងរបស់ជាតិ ដែលជាផ្នែកមួយអប់រំពួកគេឲ្យចេះស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ស្រឡាញ់ប្រជាពលរដ្ឋខ្មែរ ស្រឡាញ់បុព្វបុរសខ្មែរ ដែលបានកសាងអង្គរ និងប្រើប្រាស់ក្បាច់គុនល្បុក្កតោការពារទឹកដីឲ្យនៅគង់វង្សរហូតបច្ចុប្បន្ននេះដែរ»

សម្រាប់អត្ថប្រយោជន៍លើការសិក្សាមុខវិជ្ជាក្បាច់គុនល្បុក្កតោនេះវិញ គឺធ្វើឲ្យសិស្សានុសិស្សមានសុខភាពល្អ និងមានអារម្មណ៍ជ្រះថ្លា ហើយធ្វើឲ្យក្បាច់គុននេះ ក្លាយជាឧបករណ៍មួយដ៏សំខាន់ ក្នុងការអប់រំចិត្ត និងស្មារតីកាន់តែរឹងមាំ ដើម្បីបង្កើនបញ្ញាក្នុងការសិក្សារបស់ពួកគេផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

លោកបន្ថែមថា ខណៈពេលនេះសហព័ន្ធកំពុងរៀបចំគ្រូបង្គោល និងអញ្ជើញគ្រូអប់រំកាយ តាមសាលាកម្រិតថ្នាក់ទី៧ ដល់ថ្នាក់ទី៩ មកបើកវគ្គបណ្ដុះបណ្ដាលខ្លីៗ ដើម្បីជំរុញការយល់ដឹងរបស់ពួកគាត់ ដោយសហព័ន្ធរាប់រងលើការបណ្ដុះបណ្ដាលបច្ចេកទេស និងទ្រឹស្ដី ដើម្បីផ្ដល់ភាពងាយស្រួល នៅពេលពួកគាត់ចេញទៅបង្រៀនលើមុខវិជ្ជាគុនល្បុក្កតោ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់ឲ្យអនុវត្តនាពេលខាងមុខ។

គួរបញ្ជាក់ថា ការសម្រេចដាក់បញ្ចូលគុនល្បុក្កតោក្នុងកម្មវិធីអប់រំកាយរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡានេះ គឺធ្វើឡើងក្រោយពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើឯកសារកីឡាគុនល្បុក្កតោជាលើកទី២ ទៅកាន់អង្គការយូនីស្កូ (UNESCO) ដើម្បីស្នើសុំដាក់បញ្ចូលក្បាច់គុនព្រលឹងជាតិខ្មែរនេះ ជាសម្បត្តិបេតិកភណ្ឌអរូបិយមនុស្សជាតិពិភពលោក កាលពីពេលថ្មីៗកន្លងទៅ ខណៈលទ្ធផលនឹងដឹង នៅឆ្នាំ២០១៨ ខាងមុខ៕

Image may contain: 1 person, flower and text

Image may contain: 6 people, people standing, shorts and outdoor

Image may contain: one or more people

Image may contain: 2 people, drawing

Image may contain: outdoor