(រតនគិរី)៖ ​សកម្មភាពដឹកជញ្ជូនឈើតាមរថយន្តទំនើបៗ ដូចជា បាឡែន, ឆ្លាម, ហាយប៊្រិត និងលុច្សស៊ីសជាដើម នៅបន្តសម្រុកដឹកឈើប្រណិត ឆ្ពោះទៅវៀតណាម ដូចហែរកឋិនដោយពុំមានការទប់ស្កាត់ពីមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធនោះ ឲ្យមានប្រសិទ្ធភាពនោះតេ គឺឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធតែម្តង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ រថយន្តបាឡែនពណ៌ស ផ្ទុកឈើប្រណិតពេញ បើកបរក្នុងទិសដៅលិចទៅកើត ដោយមានល្បឿនលឿន ស្រាប់តែរេចង្កូតធ្លាក់ផ្លូវមកស្តាំដៃទៅមុខលែងរួច នៅចំណុចភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

ក្រោយកើតហេតុ គេឃើញកម្លាំងអាវុធហត្ថ៤នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន បានយករថយន្ដទៅរក្សាទុកនៅ ទីបញ្ជាការដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីស្រាវជ្រាវរកម្ចាស់នៅពេលក្រោយ។

សូមជម្រាបថា ជាមួយសកម្មភាពដឹកជញ្ជូនយ៉ាងអាណាធិបតេយ្យដោយគ្មានការទប់ស្កាត់នេះ ​ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តរតនគិ​រី សំណូមពរទៅថ្នាក់លើ មេត្តាទប់ស្កាត់ព្រោះពួកគាត់ ចង់បានបរិយាកាសស្ងប់ស្ងៀម ដើម្បីត្រៀមខ្លួនទៅបោះឆ្នោតនាពេលខ្លីខាងមុខ៕