(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តចុះទៅសំណេះសំណាលសួរសុខទុក្ខ ដោយពាំនាំយកនូវថវិកា ជាង១លានរៀល និងគ្រឿងឧបភោគ បរិភោគមានជាអង្ករជាង១តោន ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា និងគ្រួសារទ័ពចំនួន១០១គ្រួសារ ក្នុងការជួយសម្រាល ដោះស្រាយបញ្ហាជីវភាពរស់នៅផ្សេងៗ បានមួយចំនួន ក្នុងមូលដ្ឋាន។
ក្នុងដំណើរចុះសួរសុខទុក្ខចែកថវិកា និងអង្ករខាងលើនេះដែរ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ បន្ទាយត្រែទ័ព ក្នុងក្រុម១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយក្នុងសកម្មភាពនេះ ក៏មានការរួមដំណើរពីបេក្ខភាព ប្រធានក្រុមប្រឹក្សាសង្កាត់ឫស្សីកែវ លោក មូល វិរៈ ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងយុវជន អ.ម.ត រួមជាមួយមេភូមិ-មេក្រុមផងដែរ។
ក្នុងកម្មវិធីមនុស្សធម៌នេះលោក ជា ពិសី បានថ្លែងថា តាមអនុសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំឭកហើយ រំឭកទៀតថា សូមឲ្យមន្ត្រីទាំងអស់ កុំធ្វើជាមន្ត្រីជើង១០ «ពោលគឺជើងតុ៤ ជើងកៅអី៤ និងជើងយើង២ គឺជាមន្ត្រីជើង១០ហើយ» ដោយអង្គុយតែក្នុងប៊ុយរ៉ុ មានទាំងម៉ាស៊ីនត្រជាក់ ហើយមិនដឹងពីសុខទុក្ខ ឫតម្រូវការរបស់ ប្រជាពលរដ្ឋថាខ្វះខាតអ្វីខ្លះ? និងតម្រូវការ អ្វីឲ្យប្រាកដនោះឡើយ «នេះហើយជាមន្ត្រីជើង១០» តែផ្ទុយទៅវិញ សម្រាប់មន្ត្រីជើង២ «ពោលគឺជាមន្ត្រី ដែលចុះជាប់លាប់ជាមួយពលរដ្ឋ ហើយយល់ពីសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋ នោះទើបហៅថា ជាមន្ត្រីជើង២»។
លោក ជា ពិសី បានថ្លែងទៀតថា អ្វីដែលសំខាន់នោះ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះមិនយូរទៀតទេ ក្នុងអំឡុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រាកដជាមានគេដើរឃោសនា ដើម្បីឲ្យយើងបោះឆ្នោតឲ្យគេហើយ ហើយគេនិងសន្យាឲ្យនេះ ឫឲ្យនោះ «ទាំងខ្លួនគេរកតែកង់កញ្ចាស់មកជិះមិនបាន» «គឺគ្មានលទ្ធភាពតែម្ដង» ហើយពូកែតែដើរសន្យាចោលប៉ុណ្ណោះ។
លោកអភិបាលខណ្ឌបន្តថា សូមប្រជាពលរដ្ឋយើងទាំងអស់ ប្រសិនបើខឹងមេភូមិ សូមកុំខឹងដល់ចៅសង្កាត់ ហើយប្រសិនជាខឹង ចៅសង្កាត់ សូមកុំខឹងដល់ចៅហ្វាយខណ្ឌ បើខឹងចៅហ្វាយខណ្ឌ សូមកុំខឹងដល់សម្ដេចតេជោ កុំខឹងគណបក្សប្រជាជនកម្ពុជា «ពោលគឺកុំខឹងគោ វាយរទេះ» ប្រសិនបើខឹងនិងអ្នកណា គួរស្ដីបន្ទោសឲ្យអ្នកនោះទៅ «ពីព្រោះសម្ដេចតេជោលោកមិនបានដឹងអ្វីទេ» ហើយគណបក្សប្រជាជនកម្ពុជា ក៍មិនបានដឹងដែរ សំខាន់សូមឲ្យប្រជាពលរដ្ឋដែលមានធុរៈអ្វី ឫតម្រូវការអ្វី ដែលចាំបាច់អាចទំនាក់ទំនង មកអាជ្ញាធរសង្កាត់ ឫខណ្ឌបាន ដើម្បីមានវិធានការរិះរកដំណោះស្រាយជូន ពិសេស សូមកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង «ពោលគឺនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ»។
លោកថា សូមជួយផ្ដល់សេចក្ដីទុកចិត្តជូនបេក្ខភាពលោកចៅសង្កាត់ឫស្សីកែវផង គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាយើង ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំ មកនូវសុខសន្តិភាពពេញ បរិបូរដូចបច្ចុប្បន្ន មានការអភិវឌ្ឍន៍ ហើយក៏មានការកើនឡើងនូវសមទ្ធិផលយ៉ាងច្រើន ដែលមិនអាចគណនាបានទូទាំងកម្ពុជា។
ក្រោយសំណេះសំណាលសួរសុខទុក្ខលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៍បានជួយឧបត្ថម្ភថវិកាចំនួន៤សែនរៀល ជូនមេបញ្ជាការ ត្រែទ័ព១រូប មេបញ្ជាការរង២រូប និងមេផ្នែកតាមផែននីមួយៗចំនួន៩រូប និងចូលរួមឧបត្ថម្ភជាមួយបេក្ខភាព ប្រធានក្រុមប្រឹក្សា សង្កាត់ឫស្សីកែវ លោក មូល វិរៈ នូវថវិកាជាង១លានរៀល និងអង្ករជាង១តោន ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីជូនដល់ប្រជាពលរដ្ឋ និងគ្រួសារទ័ពផងដែរ ចំនួន១០១គ្រួសារផ្សេងទៀត ដោយក្នុង១គ្រួសារ ទទួលបាន១០គីឡូក្រាម ជាមួយនិងថវិកាក្នុងម្នាក់ៗ១ម៉ឺនរៀល ដើម្បីជួយសម្រាលដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃបានមួយចំនួន៕