(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ សហការជាមួយជាមន្រ្តីមន្ទីរ ពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារនៅផ្សារធំថ្មី និងបណ្តាហាងស្តាម៉ាតស្ថិតក្នុងខណ្ឌដូនពេញ ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូច បានប្រើប្រាស់ជាកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាពម្ហូបអារហារ ក្នុងនោះដែរមន្រ្តីក៏បានដកយកគំរូចំនួនបញ្ជូនមកមន្ទីរពិសោធន៌អគ្គនាយកកាំកុងត្រូល។
មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានថ្លែងថា ក្រោមការណែនាំពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូល ក៏បានណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ មានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
មន្ត្រីបានបញ្ជាក់បន្ថែមថា «ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មិនមានការដកហូតទំនិញអ្វីឡើយ ដោយសារការធ្វើពិនិត្យទៅលើ បង្គាស្រស់ មឹក ត្រីងៀត បន្លែ គុយទាវក្រៀម មីស្រស់ និងត្រីសាច់ផ្សេងៗគ្មានការផ្ទុកនៅសារធាតុគីមី»។
ជាមួយគ្នានោះមន្ត្រីកាំកុងត្រូល បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រស់ៗ និងក្រៀម មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្តជូនបងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់ ដើម្បីចៀសវាង ពីបញ្ហាប៉ះពាល់ដល់សុខាភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕