(សៀមរាប)៖ មន្ត្រីជំនាញ រួមទាំងប្រធាន និងអនុប្រធានភ្នាក់ងារទេសចរណ៍ ប្រចាំនៅតាមប្រាសាទសរុបចំនួន៦៥រូប ទទួលបានការបណ្តុះ បណ្តាលជំនាញការងារគ្រប់គ្រងទេសចចរណ៍ និងបេតិកភណ្ឌ ពីភ្នាក់ងារស្ថានទូតអាមេរិកប្រចាំកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះចំនួន២វគ្គ គឺវគ្គទី១ ចាប់ផ្តើមពីថ្ងៃទី១៥-២៨ ខែឧសភា ឆ្នាំ២០១៧ និងវគ្គទី២ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។
លោកស្រីបណ្ឌិត Claudia G.Green ក៏បានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដែលមានបទពិសោធន៍ ការងារបង្រៀនលើវិស័យទេសចរណ៍ ក្នុងតំបន់បេតិកភណ្ឌក្នុងប្រទេសជាច្រើន និងជាគ្រូបង្គោលក្នុងកម្មវិធីនេះ។ លោកស្រី បានបញ្ជាក់ថា «ខ្ញុំពិតជារីករាយដែលទទួលបានឱកាសនេះ ក្នុងវគ្គនេះខ្ញុំនឹងមិនព្យាយាមនិយាយច្រើនទេ តែខ្ញុំចង់ស្តាប់បញ្ហារបស់អ្នករាល់គ្នា ហើយខ្ញុំនឹង ចែករំលែក បទពិសោធន៍របស់ខ្ញុំដើម្បីរួមចំណែកបន្ថែមលើចំណុចខ្វះខាត»។
លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានបន្តថា មន្ត្រី និងភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរា គឺជាភ្នាក់ងារបម្រើសេវាកម្ម ទេសចរណ៍ ដែលត្រូវគិតគូរទាំងគុណភាពនៃសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់ នៃភ្ញៀវទេសចរមកលើប្រាសាទរបស់យើង។ ដូច្នេះ យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរដែលមកទស្សនាអង្គរ ទទួលបានបទពិសោធន៍ដ៏ល្អបំផុត តែផ្តល់ផលប៉ះពាល់ដ៏តិចបំផុតដល់តំបន់រមណីយដ្ឋានអង្គរ។
លោក សុខ សង្វារ បានបញ្ជាក់ថា វគ្គសិក្សានេះបែងចែកជាពីរក្រុមគឺ មន្ត្រីជំនាញនឹងសិក្សាអំពីការងារគ្រប់គ្រងទេសចរណ៍ ស្ថិតិ និងវិធីសាស្ត្រ វិភាគទិន្នន័យ និងសិក្សាអំពីបទពិសោធន៍នៃការគ្រប់គ្រងទេសចរណ៍ពិភពលោកដោយប្រៀបជាមួយនឹងការគ្រប់គ្រងទេសចរណ៍ ក្នុងតំបន់អង្គរ
ចំណែក ភ្នាក់ងារទេសចរណ៍សិក្សាបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេស សិក្សាអំពីសេវាកម្ម និងការងារគ្រប់គ្រងលំហូរភ្ញៀវទេសចរ៕