(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា វិធានការ៥ចំណុចដែល គ.ជ.ប បានដាក់ចេញ ដើម្បីធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងនោះ វាមានប្រសិទ្ធិភាពខ្លាំងជាងការប្រើប្រាស់ទឹកខ្មៅទៀត ព្រោះវិធានការនេះអាចឲ្យអ្នកក្លែងបន្លំ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ទៀត។
ប្រធាន គ.ជ.ប ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការបង្ហាញ និងធ្វើការសាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ យ៉ាងដូច្នេះថា «ខ្ញុំគិតថាវិធានការ៥យ៉ាងនេះ វាសំខាន់ជាង អាហ្នឹងខ្ញុំឲ្យសារៈសំខាន់ ខ្លាំងជាង ហើយនឹងផ្សាយឲ្យបានទូលំទូលាយជាង ព្រោះរឿងហ្នឹងឯងដែលធ្វើឲ្យអ្នកដែលមានបំណងចង់នោះ មិនប្រថុយប្រថាននឹងវិធានការ៥យ៉ាងហ្នឹងទេ»។
លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា វិធានការទាំង៥នេះ បានធ្វើឲ្យបណ្ដាប្រទេសអន្ដរជាតិមួយចំនួន បានឯកភាពជាមួយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតថែមទៀតផង ដើម្បីមិនឲ្យមនុស្សម្នាក់បោះឆ្នោតបាន២ដង។ លោកប្រកាសថា ប្រសិនបើអ្នកណាដែលហ៊ានប្រថុយទៅបោះឆ្នោត២ដងនោះ ច្បាស់ជាខកខ្លួនហើយ ព្រោះវិធានការនេះមិនបណ្ដាយឲ្យបោះបានជាដាច់ខាត។
សូមបញ្ជាក់ថា វិធានការ៥ចំណុច ដែល គ.ជ.ប ធ្វើឡើង ដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់ បោះឆ្នោតបានតែម្តងនេះរួមមាន៖
ទី១៖ ពង្រឹងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជូនអ្នកបោះឆ្នោត ដែលពុំមានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ទី២៖ ពង្រឹងភារកិច្ចរបស់លេខាធិការការិយាល័យបោះឆ្នោត ក្នុងការអនុវត្តការពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើ ឲ្យការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិតរបស់ជននោះ ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ ក្នុងបញ្ជីបោះឆ្នោត មុននឹងធិចសញ្ញាសម្គាល់ ដើម្បីបញ្ជាក់ថា ជននោះបានមកបោះឆ្នោត។
ទី៣៖ ណែនាំឲ្យលេខាធិការដ្ឋានឲ្យធិចលើកប្រអប់លេខរៀងនៃបញ្ជីបោះឆ្នោត និងណែនាំអ្នកបោះឆ្នោតឲ្យធិចនៅលើបញ្ជីបោះឆ្នោតត្រង់ចន្លោះទំនេរ នៃឈ្មោះរបស់អ្នកបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជាក់ថា សាមីខ្លួនបានមកបោះឆ្នោត។
ទី៤៖ រំលឹកដល់ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីឈ្មោះនៅក្នុងដៃ និងអ្នកសង្កេតការណ៍បោះឆ្នោតឲ្យតាមដានពិនិត្យមើលដំណើរការ ពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោតរបស់អ្នកបោះឆ្នោត ជាមួយនឹងរូបពិត ធៀបនឹងរូបថត ឈ្មោះ និងទិន្នន័យរបស់គាត់ក្នុងបញ្ជីបោះឆ្នោត។
ទី៥៖ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការពង្រឹងការអនុវត្តទោសប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា១៧១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត៕