Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីការចាប់ខ្លួនសមាជិករណសិរ្ស ដែលចង់ផ្ដួលរលំរដ្ឋាភិបាល តែមិនអាចទៅរួចនោះទេ, ថ្ងៃនេះនគរបាលបញ្ជូនទៅតុលាការ

17-05-2017 09:29

(ភ្នំពេញ)៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមពីការចាប់ខ្លួនក្រុមសមាជិករណសិរ្ស ដែលចង់ផ្ដួលរលំរាជរដ្ឋាភិបាល តែមិនអាចទៅរួចនោះទេ ព្រោះការធ្វើបែបនេះប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។

លោក ប៉ា សុជាតិវង្ស ថ្លែងយ៉ាងដូច្នេះថា «គេបង្កើតដើម្បីផ្ដួលរលំ ដើម្បីដណ្ដើមអំណាច សួរថាគេធ្វើទៅបានទេ គេមិនអាចធ្វើទៅបានទេព្រោះការធ្វើបែបនេះ ប្រឆាំងទៅនឹងនាកាលសកល ប្រឆាំងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់យើង»

អភិបាលរាជធានីភ្នំពេញរូបនេះ បន្ថែមថា មកទល់ពេលនេះកម្ពុជា មានសុខសន្ដិភាពពេញលេញ ហើយសន្ដិភាពនេះទៀត គឹកើតចេញពីបាតដៃជនកម្ពុជាគ្រប់រូប ដែលបានស្ថាបនាឡើង អញ្ចឹងហើយពលរដ្ឋកម្ពុជាទាំងអស់គ្នា ជាស្ថានិកនៃសន្ដិភាពនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ និងនយោបាយឈ្នះឈ្នះ។

សូមបញ្ជាក់ថា សមាជិករណសិរ្សរំដោះជាតិខ្មែរចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងការប្រកាសផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅទីស្នាក់ការរបស់អង្គការអន្តរសាស្រ្ត ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈដែលពួកគេធ្វើសន្និសីទកាសែតមួយ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧​ ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស និងយល់ព្រមតាមសំណើរបស់ពួកគេ៣លក្ខខណ្ឌផ្សេងទៀត។ នេះបើតាម លោក ស៊ឹម វុទ្ធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនសន្តិសុខ។

បើតាមរបាយការណ៍របស់ សមត្ថកិច្ចនៃស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមាជិករណសិរ្សរំដោះ​ជាតិខ្មែរ​ទាំង៣រូបនោះ រួមមាន ទី១.ឈ្មោះ ធុយ វី ទី២.ឈ្មោះ ឃុន សាវៈខែត្រ និងទី៣. ឈ្មោះ សុភា។ ពួកគេនឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃពុធតែម្តង។

លោក សែម វុទ្ធី បានបញ្ជាក់ថា ជនសង្ស័យទាំង៣ នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃនេះ ក្រោយមានការពនិត្យឯកសារពីព្រះរាជអាជ្ញាសិន។