(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៧នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលខណ្ឌជ្រោយចង្វា ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
ពិធីនេះក៏មានការចូលរួមពី មន្ត្រីរដ្ឋបាលរាជធានី មន្ត្រីមកពីមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានី មន្ត្រីរដ្ឋបាលខណ្ឌ និងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនរយនាក់។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា អគាររដ្ឋបាលខណ្ឌជ្រោយចង្វាថ្មីនេះ ត្រូវបានសាងសង់ឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃ២០ ខែមេសា ឆ្នាំ២០១៧ ដោយប្រើប្រាស់កញ្ចប់ថវិការដ្ឋបាលរាជធានីភ្នំពេញ ហើយអគារថ្មីនេះមាន១ខ្នង ទំហំ២៨គុណ១៤ម៉ែត្រ កំពស់២ជាន់ ដំបូលទែរ៉ាស សរុបផ្ទៃក្រឡាទំហំ ១,១៧៦ម៉ែត្រការ៉េ៕