(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល១៨ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ?
ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។
ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖
១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣៖ យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត។
៤៖ យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥៖ យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោបាយណាមួយឡើយ។
៦៖ អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយាល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧៖ ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិរបស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។
៨៖ ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជាធិបតេយ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាព ដោយចំពោះ និងដោយសម្ងាត់។
៩៖ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអភិវឌ្ឍទៅបាន គឺអាស្រ័យលើក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ។
សូមជម្រាបថា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់ចំនួន១៦៤៦ ដែលក្នុងនោះរួមមាន៖
១៖ ខេត្តបន្ទាយមានជ័យ មានចំនួន ៦៥
២៖ ខេត្តបាត់ដំបង មានចំនួន ១០២
៣៖ ខេត្តកំពង់ចាម មានចំនួន ១០៩
៤៖ ខេត្តកំពងឆ្នាំង មានចំនួន ៧០
៥៖ ខេត្តកំពង់ស្ពឺ មានចំនួន ៨៧
៦៖ ខេត្តកំពង់ធំ មានចំនួន ៨១
៧៖ ខេត្តកំពត មានចំនួន ៩៣
៨៖ ខេត្តកណ្ដាល មានចំនួន ១២៧
៩៖ ខេត្តកោះកុង មានចំនួន ២៩
១០៖ ខេត្តក្រចេះ មានចំនួន ៤៧
១១៖ ខេត្តមណ្ឌលគិរី មានចំនួន ២១
១២៖ រាជធានីភ្នំពេញ មានចំនួន ១០៥
១៣៖ ខេត្តព្រះវិហារ មានចំនួន ៥១
១៤៖ ខេត្តព្រៃវែង មានចំនួន ១១៦
១៥៖ ខេត្តពោធិ៍សាត់ មានចំនួន ៤៩
១៦៖ ខេត្តរតនគិរី មានចំនួន ៥០
១៧៖ ខេត្តសៀមរាប មានចំនួន ១០០
១៨៖ ខេត្តព្រះសីហនុ មានចំនួន ២៩
១៩៖ ខេត្តស្ទឹងត្រែង មានចំនួន ៣៤
២០៖ ខេត្តស្វាយរៀង មានចំនួន ៨០
២១៖ ខេត្តតាកែវ មានចំនួន ១០០
២២៖ ខេត្តកែប មានចំនួន ៥
២៣៖ ខេត្តប៉ៃលិន មានចំនួន ៨
២៤៖ ខេត្តឧត្តមានជ័យ មានចំនួន ២៤
២៥៖ ខេត្តត្បូងឃ្មុំ មានចំនួន ៦៤
សូមជម្រាបថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕