(ប៉េកាំង, ចិន)៖ វេទិកាស្តីជំរុញការផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា និងចិន ឆ្នាំ២០១៧ បានបើកជាផ្លូវការហើយ នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងវេទិកានេះ ស្តង់ផលិតផលរបស់កម្ពុជាជាច្រើន ត្រូវបានដាក់តាំងបង្ហាញប្រជាពលរដ្ឋចិន និងភ្ញៀវទេសចរណ៍ដទៃទៀត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វេទិកានេះ នឹងផ្តល់ឱកាសសម្រាប់ធុរជន និងវិនិយោគិនកម្ពុជា-ចិន បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ ហើយក៏ជាឱកាសសម្រាប់ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងចិន លើវិស័យផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា វេទិកានេះ មិនត្រឹមតែផ្តល់ឱកាសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តន៍ភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ ប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផងដែរ ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរលើវិស័យ ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌វិនិយោគ និងវិស័យផ្សេងៗទៀត»។
លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជានិងក្រសួង ពាណិជ្ជកម្មចិន ធ្លាប់បានសហការគ្នារៀបចំវេទិការបៀបនេះម្តងរួចមកហើយ នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន ដែលទទួល បាននូវការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីពាណិជ្ជករ វិនិយោគិនកម្ពុជា-ចិន ប្រមាណ៣៨០នាក់ ដោយឡែកវេទិកាលើកនេះមាន ការចូលរួមជាង ៤០០នាក់។
លោករដ្ឋមន្រ្តីបន្តថា ក្នុងឆ្នាំ២០១៧នេះ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន បានកើតឡើងជាថ្មី ម្តងទៀត ដែលស្តែងអំពីសក្ខីភាពបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងនិរន្តរភាព រវាងក្រសួងពាណិជ្ជកម្មនៃប្រ ទេសទាំងពីរ។ សកម្មភាពទាំងនោះសំដៅលើគោលបំណងក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ឲ្យមានការកើនឡើងបន្ថែមទៀត ហើយក៏ជាយន្តការនៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងដែរថា នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន៥ភាគរយ ក្នុងនោះទេសចរណ៍ចិនមានចំនួនជាង ៨៣ម៉ឺននាក់ ក្នុងកំណើន ២០ភាគរយ ហើយក្នុងរយះពេល ៣ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរចិនចំនួនជាង ២៧ម៉ឺននាក់ កើនបាន ២៥,៧% ឈរលំដាប់ទី១ ហើយរំពឹងថា នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរចិនប្រមាណ ១លាននាក់ និងកើនដល់២លាននាក់នៅឆ្នាំ២០២០ ក្នុងចំណោមទេសចរ អន្តរជាតិសរុប ៧លាននាក់។
លោករដ្ឋមន្រ្តី បន្តថា មកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២ហើយ ដែលបានធ្វើប្រតិបត្តិការហោះហើរប្រមាណ ១២០ជើងក្នុងមួយសប្តាហ៍ ពីចិនមកកម្ពុជា និងពីកម្ពុជា ទៅចិន ទាំងនៅខេត្តសៀមរាបអង្គរ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងដែរថា ជាយុទ្ធសាស្រ្ត គឺបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន លើមូលដ្ឋាននៃអច្ឆរិយះភាពប្រាសាទ អង្គរ ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបី សម្បត្តធនធានធម្មជាតិ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត សម្រាប់ទន្លេមេគង្គ ម្ហូបអាហារ ប្រពៃណីរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិ របស់ប្រជាជនកម្ពុជា ស្របនិងការប្រសិទ្ធនាម កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយះ ប្រកបដោយភាពកក់លក្តៅ។
លោក វ៉ាង ចែរ៉ុយ អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់និងកោតសរសើរដល់គណៈកម្មាធិការ ចម្រុះ នៃប្រទេសទាំងពីរកម្ពុជា-ចិន ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការអនុវត្តនូវស្មារតីនៃការណែនាំរបស់មេដឹកនាំ ទាំងពីរ លើការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ពិសេសការស្វែងរកនូវចំណុចវិជ្ជាមាននានា ដើម្បីឈានទៅសំរេស បាននូវភាពជោគជ័យថែមទៀត លើការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង ថែមទៀត។
អនុប្រធានព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏ដូចជាថ្នាក់ដឹកនាំចិនក្នុងការ ដាក់ចេញនូវយុទ្ធសាស្រ្តខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ដែលជាក្របខណ្ឌនយោបាយ ឈ្នះ ឈ្នះ របស់រដ្ឋាភិបាលចិនគ្រប់ដណ្តប់លើ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ ផ្លូវសូត្រសមុទ្រសតវត្សទី២១ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍ វិស័យទេសចរណ៍ នៅតាមបណ្តាប្រទេសបណ្តោយ ផ្លូវសូត្ររួមទាំងអាស៊ាន និងព្រះរាជាណាចក្រកម្ពុជាផងដែរ៕