(ភ្នំពេញ)៖ លោក មេត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការឃោសនាបោះឆ្នោត នៅក្នុងអាណត្តិនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ បានរៀបចំយុទ្ធសាស្រ្តថ្មីមួយ ដើម្បីឲ្យគណបក្សនយោបាយចូលរួមឃោសនាបោះឆ្នោតទាំងអស់ អាចឃោសនាបោះឆ្នោត បានដោយគ្មានការប៉ះទង្គិចគ្នា។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា «យុទ្ធសាស្រ្តថ្មីនេះ គឺតម្រូវឲ្យគណបក្សនយោបាយទាំងអស់ អាចហែរក្បួន ឃោសនាបោះឆ្នោត នៅឃុំ និងសង្កាត់នីមួយៗ បានតែ២ដងប៉ុណ្ណោះ ក្នុងអំឡុង១៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ ក្នុងករណីគណបក្សនយោបាយណា ស្នើសុំឃោសនាបានមុន និងមានការរៀបចំឲ្យឃោសនាមុន ចំណែកគណបក្សនយោបាយ ដែលស្នើសុំតាមក្រោយ និងរៀបចំឲ្យមានការឃោសនា នៅពេលបន្តបន្ទាប់ទៀត»។
លោក មេត មាសភក្តី បញ្ជាក់ថា ការធ្វើបែបនេះ អាចបញ្ជៀសការប៉ះទង្គិចក្បួនឃោសនា របស់គណបក្សនយោបាយ នីមួយៗ និងអាចសម្រូលមិនឲ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវឃោសនាបោះឆ្នោត។
ជាមួយគ្នានោះ សាលារាជធានីភ្នំពេញ បានរៀបចំកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត ប្រើប្រាស់កម្លាំងសរុបជិត២ពាន់នាក់ ក្នុងនោះស្នងការនគរបាលរាជធានីភ្នំពេញចំនួនជាង១ពាន់នាក់, បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៨៤១នាក់ និងយោធភូមិភាគពិសេស ចំនួន១២០នាក់។
ជាមួយគ្នានោះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នៅតែប្រកាន់ជំហរថា បើមានគណបក្សនយោបាយណារំលោភបំពាន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនោះ គ.ជ.ប នឹងចាត់វិធានការតាម ច្បាប់បោះឆ្នោត ហើយក៏នឹងមានការចាត់វិធានការតាមផ្លូវច្បាប់ពីអាជ្ញាធរ មានសមត្ថកិច្ចផងដែរ។
លោក ហង្ស ពុទ្ធា ថា ជារួមគណបក្សនយោបាយដែលឈរឈ្មោះជាបេក្ខជន ក្នុងការឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ទាំង១២ នឹងត្រូវចូលរួម នៅក្នុងការឃោសនាបោះឆ្នោតទាំងអស់ ដើម្បីចូលរួមផ្សព្វផ្សាយពីគោល នយោបាយ គណបក្សរៀងៗខ្លួន។
គួរបញ្ជាក់ថា គណបក្សនយោបាយទាំង១២ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្តើមធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោតរៀងៗខ្លួន ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ៕