(ប៉េកាំង, ចិន)៖ អនុស្សារណៈយោគយល់គ្នាចំនួនពីរត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារ ណការ និង ដឹកជញ្ជូន ជាមួយអនុរដ្ឋមន្រ្តីដឹកជញ្ជូន និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ចិន ដើម្បីពង្រឹងការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន នៅប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ និងគណៈប្រតិភូនៅក្នុង ប្រទេសចិន។
អនុស្សរណៈនៃការយោគយល់គ្នាទាំងពីរ ដែលបានចុះហត្ថលេខានេះរួមមាន៖
១. អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ចិន ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូន។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាមួយលោក Dai Dongchang អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ចិន។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ សំដៅបង្កើតក្របខ័ណ្ឌមួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពពាក់ព័ន្ធវិស័យដឹកជញ្ជូនរវាងភាគីទាំងពីរ។
កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរគ្របដណ្តប់លើបណ្តាវិស័យ៖
១. បទដ្ឋានបច្ចេកទេស ការធ្វើផែនការផ្លូវដែក
២. បទដ្ឋានបច្ចេកទេស ផ្លូវថ្នល់ ស្ពាន និងផ្លូវរូងក្រោមដី
៣. ការធ្វើផែនការ ការសិក្សាប្លង់ ការសាងសង់ ការជួសជុលថែទាំ និងគ្រប់គ្រងផ្លូវថ្នល់
៤. ការដឹកជញ្ជូនផ្លូវទឹក ការសាងសង់ផ្លូវនាវាចរណ៍តាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ
៥. ការគ្រប់គ្រងតាមផ្លូវសមុទ្រ រួមទាំងការគ្រប់គ្រងនាវាបរទេសចូលចតកំពង់ផែជាតិ ការចុះបញ្ជីនាវា ឧបករណ៍ជំនួយក្នុងការធ្វើនាវាចរណ៍ និងការរុករកនិងការជួយសង្គ្រោះ
៦. ការបណ្តុះបណ្តាលអំពីជំនាញសមុទ្រ និងការកសាងសមត្ថភាព
៧. វិធានការសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវគោកអន្តរជាតិ
៨. ការគ្រប់គ្រងភស្តុភារកម្ម និងសេវាព័ត៌មាន
៩. វិស័យផ្សេងទៀតតាមការព្រមព្រៀងដោយភាគីទាំងពីរ។
អនុស្សរណៈនៃការយោគយល់ទីពីរធ្វើឡើង រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក Fu Zhiying តំណាងពាណិជ្ជកម្មអន្តរជាតិ និងជាអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន។
គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ សំដៅរលើកទឹកចិត្ត និងគាំទ្រដល់សហគ្រាសរបស់ខ្លួនដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងការវិនិយោគការសាងសង់ និងប្រតិបត្ដិការនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការធ្វើផែនការគម្រោង វិនិយោគ និងការផ្តល់ហិរញ្ញប្បទាន ការសិក្សាប្លង់ និងការប្រឹក្សាយោបល់ ការដំឡើងនិងការរុះរើ ការជួសជុលនិងថែទាំ សេវាបច្ចេកវិទ្យា ការផលិត ការកែច្នៃនិងផ្គត់ផ្គង់ឧបករណ៍និងសម្ភារៈអគារ។
កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរគ្របដណ្តប់លើបណ្តាវិស័យ៖
១. ផ្លូវដែក
២. ផ្លូវគោក
៣. កំពង់ផែ
៤. ស្ពាន
៥. ឧស្សាហកម្មផ្សេងទៀត ដែលបានព្រមព្រៀងដោយភាគីទាំងពីរ៕