(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានប្រកាសថា សន្តិភាព និងស្ថិរភាព បានផ្តល់លទ្ធភាពឲ្យប្រទេសកម្ពុជារីកចម្រើន និងទទួលបាននូវការអភិវឌ្ឍន៍ នៅក្នុងទស្សវត្សន៍ចុងក្រោយនេះ ហើយភាពរីកចម្រើន និងការអភិវឌ្ឍន៍ទាំងនេះ បាននាំមកនូវឱកាសដ៏សម្បូរបែប ដល់ប្រជាជនគ្រប់រូប និងគ្រប់វិស័យ ទាំងវិស័យសាធារណៈ វិស័យឯកជន និងផ្នែកពាក់ព័ន្ធនានា។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតជ័យលាភីជំនាន់ទី១ របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៧នេះ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការទទួលបានសញ្ញាប័ត្រ មិនមែនគ្រាន់តែជាកិត្តិយសសម្រាប់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងឲ្យឃើញនូវ លក្ខណៈសម្បត្តិ ចំណេះដឹង និងសមត្ថភាពរបស់និស្សិត ក្នុងការអនុវត្តការងារ ដោយផ្តល់នូវគុណសម្បត្តិជាច្រើនលើសអ្នកដទៃ ដែលមិនមានឱកាសទទួលបានការសិក្សានេះ។
បើតាមលោក ហ៊ុន ម៉ាណែត មិនមែនឲ្យតែនិស្សិតគ្រប់រូបចូលរៀននៅសាកលវិទ្យាល័យ សុទ្ធតែទទួលបានជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យនោះទេ តាមការប៉ាន់ស្មានរបស់នាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា មាននិស្សិត ២០ភាគរយ មិនបានបញ្ចប់ការសិក្សា មានន័យថា និស្សិត០៨នាក់ ក្នុងចំណោម១០នាក់ អាចឈានទៅបញ្ចប់ការសិក្សាឆ្នាំទីបួនបាន។
បន្ថែមពីនេះ លោកលើកឡើងថា «ដូចនិស្សិតមួយចំនួននៅទីនេះផងដែរ ខ្ញុំគឺជាជំនាន់ទីមួយក្នុងគ្រួសារ ដែលទទួលបានការសិក្សាដល់ថ្នាក់ឧត្តមសិក្សាមុនគេ ព្រោះជំនាន់ឪពុកម្តាយខ្ញុំ យាយតាខ្ញុំ និងយាយទួតតាទួតខ្ញុំ មិនមានឱកាសសិក្សាដូចខ្ញុំទេ ដោយសារតែប្រទេសយើង មានសង្គ្រាមពីអតីតកាល»។
លោកក៏បានរំលឹកដែរថា «សូមនិស្សិតយើងកុំបញ្ឈប់ការសិក្សា និងសូមបន្តការរៀនសូត្រថែមទៀត ត្រូវខិតខំប្រឹងប្រែងកសាងសមត្ថភាព ដើម្បីក្តាប់យកឱកាសដែលគេផ្តល់ឲ្យ បើមិនមានឱកាសគេផ្តល់ឲ្យទេត្រូវចេញស្វែងរកឱកាស ហើយបើរកឱកាសមិនបានទេ ត្រូវរកវិធីបង្កើតឱកាសឲ្យខ្លួនឯង ហើយនិស្សិតយើងត្រូវកំណត់គោលដៅ របស់ខ្លួនឲ្យបានខ្ពស់ មិនថាការសិក្សា ឬការងារនោះទេ ហើយខិតខំព្យាយាមសម្រេចយកវាឲ្យបាន»។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា និស្សិតត្រូវខិតខំធ្វើដើម្បីពង្រឹងខ្លួនឯង សូមចងចាំថា យើងត្រូវចងផ្អោបជ័យជំនះផ្ទាល់ខ្លួនរបស់យើង ជាមួយជ័យជំនះរបស់សង្គម និងប្រទេសជាតិយើងជានិច្ច កុំទទួលជោគជ័យដោយការខាតបង់របស់សង្គម និងប្រទេសជាតិ៕