(ពោធិ៍សាត់)៖ ឧកញ៉ា អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិក ឥស្លាមរបស់ CPP នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានលើកឡើងថា «បើមិនមានគណបក្សប្រជាជនកម្ពុជា ក៏មិនមានរដ្ឋាភិបាលល្អ បើមិនមានរដ្ឋាភិបាលដ៏ល្អ ក៏មិនមានគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដែរ»។
ឧកញ៉ា អូស្មាន ហាស្សាន់ បានថ្លែងបែបនេះ នៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល និងប្រកាសទួល ស្គាល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមជិត៨០០នាក់ ដែលចេញពីខ្សែបណ្តោយរបស់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ទូទាំងខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត។
លោកបានលើកឡើងថា បើប្រៀបធៀបនូវរឿងជាក់ស្តែង «នៅប្រទេសអាហ្វ្រិកកណ្តាល ដែលមានមិត្តភក្តិរបស់ លោកផ្ទាល់ជាមេបញ្ជាការកងទ័ព មួកខៀវកម្ពុជាប្រចាំការនៅទីនោះ គឺថាអាហ្វ្រិកកណ្តាលមិនមែនជាប្រទេសក្រីក្រទេ គឺជាប្រទេសដែលសម្បូរទៅដោយរ៉ែពេជ្រ ចែកចាយក្នុងស្រុក និងនាំចេញទៅទីផ្សារពិភពលោក ប៉ុន្តែផ្ទុយទៅវិញនោះ ប្រទេសនោះគឺគ្មានសុខសន្តិភាពនោះទេ»។
លោកឧកញ៉ាបានលើកឡើងថា ដោយសារតែការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ទើបគណៈដឹកនាំ ជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ត្រូវបានរៀបចំឡើងវិញនៅឆ្នាំ២០០០ ដែលទទួលស្គាល់ដោយព្រះមហាក្សត្រ បន្ទាប់ពីបាត់បង់តាំងពីឆ្នាំ១៩៧០មកម៉្លេះ។ ស្ថាប័ននេះមានឋានានុក្រមពីថ្នាក់លើដល់ថ្នាក់ក្រោម ដែលមានឋានៈ ស្មើនឹងគណៈសង្ឃទាំង២គណៈ ហើយសមាសភាពថ្នាក់ដឹកនាំគណៈដឹកនាំ ជាន់ខ្ពស់ ត្រូវបានតែងតាំងជាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈចលនាសាសនិកឥស្លាមដែលជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា។
លោកបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ដល់គណៈចលនាសាសនិកឥស្លាម ក្នុងខេត្តពោធិ៍សាត់ ដែលឲ្យខេត្ត របស់ខ្លួនឈរលំដាប់លេខ១ នូវសម្លេងសាសនិកឥស្លាម ដែលបោះឆ្នោតគាំទ្រ CPP ក្នុងលទ្ឋផលបោះឆ្នោតសកល កាលពីឆ្នាំ២០១៣កន្លងទៅ គិតជាមធ្យមភាគគឺជាង៨០% ប្រៀបធៀបទៅតាមបណ្តាខេត្តនានា។
លោកឧញ៉ា បានជំរុញដល់សកម្មជនទាំងអស់ត្រូវរក្សាចំណាត់ថ្នាក់នេះ នៅជាប់ជារៀងរហូត និងទទួលបាន ភាគរយខ្ពស់នៃសម្លេងគាំទ្រ CPP ឲ្យកាន់តែខ្ពស់ឡើងថែមទៀត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងដើម្បីឈានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតសភានៅ ឆ្នាំ២០១៨ ខាងមុខនេះ៕