(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានអះអាងថា ជម្លោះដីធ្លីនៅកម្ពុជា ដោះស្រាយសឹងតែចប់អស់ហើយ មិនអ្វីជាបញ្ហាចោទទៀតនោះទេ ប៉ុន្ដែនៅសល់តែមួយចំនួនតូចទៀតតែប៉ុណ្ណោះ ដែលលោក និងមន្ដ្រីពាក់ព័ន្ធកំពុងខិតខំលើការងារនេះ។
ក្នុងពិធីសំណេះសំណាល និងចងសម្ព័ន្ធមេត្រីភាពរវាងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងក្រុមយុវជនកងពលតូចថ្មើរជើងលេខ៧០ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ លោករដ្ឋមន្ដ្រី ថ្លែងយ៉ាងដូច្នេះថា «រឿងជម្លោះដីធ្លីនៅពេលនេះ មិនមានអ្វីទៀតទេ នៅមានសេសសល់តិចតួចដែលយើងនៅបន្ដដោះស្រាយរាល់ថ្ងៃ»។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា បញ្ហាដីធ្លីនេះមានរឿងដែលស្មុគស្មាញ ប៉ុន្ដែលោក និងមន្ដ្រីជំនាញពាក់ព័ន្ធ បាននិងកំពុងព្យាយាមបញ្ចប់ការងារនេះ ឲ្យបានចប់ទាំងស្រុងនៅខាងមុខនេះ។
លោក សាយ សំអាល់ បន្ថែមថា «បញ្ហាដីធ្លីនេះសូម្បីតែព្រះសង្ឃ នៅតំបន់ឧទ្យានជាតិគិរីរម្យ ក៏ចង់បានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែរ ដែលកត្តាទាំងនេះ ធ្វើឲ្យស្ថាប័នពាក់ព័ន្ធ ព្យាយាមដោះស្រាយ ហើយលោកថា រឿងព្រះសង្ឃចង់បានដីព្រៃនេះ រហូតឈានដល់ប្ដឹងទៅគណៈសង្ឃ ថែមទៀតផង ប៉ុន្ដែបច្ចុប្បន្ននេះក៏បានដោះស្រាយបញ្ចប់ផងដេរ»។
យ៉ាងណាមិញ លោករដ្ឋមន្ដ្រីវ័យក្មេង បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។ ជាក់ស្ដែងបញ្ហានេះក្រសួងបរិស្ថានបានដោះស្រាយហើយមុនគម្រោងទៅទៀត ពោលគឺក្រសួងគ្រោងរយៈពេល៥ឆ្នាំ ប៉ុន្ដែមកទល់ពេលនេះត្រឹមតែរយៈ២ឆ្នាំកន្លះតែប៉ុណ្ណោះ ក្រសួងដោះស្រាយស្ទើតែទាំងស្រុងហើយ។
សូមបញ្ជាក់ថា ឆ្លៀតឱកាសពិធីសំណេះសំណាលនេះ លោករដ្ឋមន្ដ្រី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក៏បានចែករំលែកនូវបទពិសោធន៍ជោគជ័យ នៃការងារមួយចំនួន ដល់ក្រុមយុវជនកងពលតូចថ្មើរជើងលេង៧០ ដើម្បីធ្វើជាស្ពានទៅថ្ងៃអនាគត ហើយត្រូវខិតខំតស៊ូចៀងវាងការបណ្ដែតបណ្ដោយ ពេលវេលាទុកចោលដែលនាំឲ្យខាតបង់។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូលថ្មើជើងលេខ៧០ បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ដ្រី សាយ សំអាល់ ដែលបានចំណាយពេលវេលា ចែករំលែកនូវបទពិសោធន៍ការងារ និងភាពជោគជ័យ ដល់យុវជន និងនាយទាហាន នាយទាហានរង ក៏ដូចជាពលទាហានទាំងអស់ផងដែរ៕