មន្រ្តីហែរហមសម្ដេចក្រុមព្រះ នរោត្តមរណប្ញទ្ធិ ជួបគ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត ពេលត្រឡប់មកពីជួបអ្នកគាំទ្រ
16-05-2017 18:36
(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ មន្ដ្រីហែរហមសម្ដេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បានជួបគ្រោះថ្នាក់ចរាចរ នៅលើផ្លូវជាតិលេខ៣ នៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ដោយរថយន្តរបស់មន្រ្តីទាំងនោះ បានបុកជាមួយរថយន្តដឹកដី បណ្តាលឲ្យធ្លាក់ផ្លូវជាតិតែម្តង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងពេលក្រុមមន្រ្តីទាំងនេះ កំពុងត្រឡប់មកពីជួបសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រ ដែលដឹកនាំដោយ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។ យ៉ាងណាក៏ដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មិនបានជួបគ្រោះអកុសលបែបនេះឡើយ បើទោះបីជាមានព័ត៌មានខ្លះបានផ្សាយថា ព្រះអង្គបានជួបគ្រោះថ្នាក់ចរាចរណ៍ក៏ដោយនោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីគ្រោះថ្នាក់ចរាចរនេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ។ ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានចុះទៅកន្លែងកើតហេតុភា្លម ដើម្បីធ្វើការវាស់វែង និងដោះស្រាយតាមច្បាប់៕