(ភ្នំពេញ)៖ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តបើកការដ្ឋានជួលជុលផ្លូវ បេតុងឆ្អឹងដែកមួយខ្សែរទៀត ដែលមាន ប្រវែង៣១២ម៉ែត្រ ទទឹង៧ម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់ក្រោមកញ្ចប់ថវិកា របស់ខណ្ឌ តភ្ជាប់ពីភូមិ គោកចំបក់ទៅ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ការបើកការដ្ឋានស្ថាបនាផ្លូវបេតុនេះ ធ្វើឡើងក្រោមវត្តមានលោក ក្រូច ផាន ប្រធានក្រុមព្រឹក្សាខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អភិបាលរង អធិការខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ នាយករង រដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ ចៅសង្កាត់-ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា សង្កាត់ មេភូមិ-អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក ហែម ដារិទ្ធិ បានឱ្យដឹងថា ផ្លូវប្រៀបដូចជាសសៃឈាម ដែលមិនអាចខ្វះបាន ផ្លូវបេតុងឆ្អឹងដែក ដែលស្ថាបនា នាពេលនេះ គឺគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិការបស់សាលាខណ្ឌ តាមផ្អែកតាមស្ថានភាពបច្ចុប្បន្ន ហេដ្ឋារចនា សម្ព័នប្រព័ន្ធ លូ ផ្លូវ និងប្រឡាយជាដើម ដែលមានការខូចខាតទាមទាឱ្យមានការជួសជុល និងស្តាឡើងវិញ។
លោក ហែម ដារិទ្ឌិ បានបន្តថា ការខូចខាតបែបនេះ គឺដោយសារតែរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ហើយទឹក បានដក់ នៅតាមដងផ្លូវ មានរយ:ពេលយូរ និងម្យ៉ាងវិញទៀត ប្រព័ន្ធលូនៅតាមកន្លែងខ្លះ កកស្ទះហូរ មិនទាន់ ដោយសារតែ សំរាម និងដីកកស្ទះក្នុងប្រព័ន្ធលូ ប្រឡាយ។
លោក ហែម ដារិទ្ធិ បានបន្តថា ជារៀងរាល់ឆ្នាំ ការរៀបចំផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌ បានរៀបចំផែនការ អភិវឌ្ឍរបស់ខ្លួន ដោយផ្តោតសំខាន់ៗ ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូជាអាទិភាព គឺការជួសជុល និងប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកសំអុយ ឱ្យមានលក្ខណៈល្អប្រសើរ និងមានគុណភាព សមស្របតាម តម្រូវការ របស់មូលដ្ឋាន និងម្យ៉ាងវិញទៀត ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ថ្នាក់ដឹកនាំ លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ យ៉ាងយកចិត្តទុកដាក់លើការងាររៀបចំប្រព័ន្ធលូ ប្រឡាយ អណ្តូង ជួសជុលផ្លូវ និងបញ្ហាសំរាមជាដើម។
លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ មានគម្រោងអភិវឌ្ឍន៍ចំនួន ៧សង្កាត់ គឺសង្កាត់កាកាប សង្កាត់ចោមចៅ សង្កាត់ត្រពាំងក្រសាំង សង្កាត់ភ្លើងឆេះរទេះ សង្កាត់ស្នោរ សង្កាត់បឹងធំ និងសង្កាត់សំរោង ក្រោមក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋានរំកិលបន្តិចម្តងរហូតលេចចេញជារូបរាង៕